មន្ទីរជំនាញខេត្ត ចុះប្រជុំណែនាំដល់ប្រជាពលរដ្ឋ ស្តីពីការប្រើប្រាស់បង្គន់រួម និងការតបណ្តាញទឹកដល់តំបន់ដាច់ស្រយាល
ភ្នំពេញ៖ មន្ទីរកិច្ចការនារីខេត្តកណ្តាល មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត សហការជាមួយអាជ្ញាធរស្រុកខ្សាច់កណ្តាល បំផុសគំនិតប្រជាពលរដ្ឋអោយផ្លាស់ប្ដូរឥរិយាបថ ដោយងាកមកទទួលទានទឹកស្អាត និងប្រើប្រាស់បង្គន់ផ្ទាល់ខ្លួន។
កិច្ចប្រជុំនេះបានធ្វើឡើងក្នុងឃុំសន្លុង និងឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២។
លោកស្រី ឡុងណាវី អភិបាលរងខ្សាច់កណ្តាលបានលើកឡើងថា ការផ្លាស់ប្ដូរដោយងាកមកទទួលទានទឹកស្អាត និងប្រើប្រាស់បង្គន់ផ្ទាល់ខ្លួន ពិតជាបានរួមចំណែកក្នុងការលើកកម្ពស់អនាម័យនៅក្នុងសហគមន៍ ព្រមទាំងជៀសបាននូវការឆ្លងរីករាលនៃជំងឺនានា នៅពេលប្រជាពលរដ្ឋងាកមកទទួលទានទឹកស្អាត និងប្រើប្រាស់បង្គន់ជាប្រចាំ ព្រមទាំងបានរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រ និងជំរុញកំណើតសេដ្ឋកិច្ចជាតិផងដែរ។
លោកស្រី បន្ថែមទៀតថា យើងទាំងអស់គ្នាត្រូវចែករំលែក ផ្សព្វផ្សាយបន្តដល់ប្រជាពលរដ្ឋអោយបានយល់ដឹងទូលំទូលាយ និងរួមគ្នាដើម្បីលើកកម្ពស់ប្រជាពលរដ្ឋដែលរស់នៅលើខ្នងព្រែក ប្រឡាយ ដែលប្រើប្រាស់បង្គន់រួម ងាកមកប្រើប្រាស់បង្គន់អនាម័យផ្ទាល់ខ្លួនវិញ និងប្រើទឹកស្អាតអោយបានគ្រប់ៗគ្នា ព្រោះថាទឹកជាតម្រូវការចាំបាច់របស់មនុស្ស សត្វ និងរុក្ខជាតិ ប្រសិនបើទឹកស្អាត មិនបានតបណ្តាញជូនប្រជាពលរដ្ឋបានប្រើប្រាស់គ្រប់គ្រាន់ នោះនិងមានបញ្ហាប្រឈមជាច្រើន ដូចជា សុខភាពមិនល្អ មនជំងឺរាគ កង្វះអនាម័យ ការដាំស្លមិនស្អាត ទាំងនេះសុទ្ធត្រូវការទឹកដោយខានមិនបាន។
ក្នុងឱកាសនោះ លោកស្រី ម៉ៅ ចំរើន ប្រធាន គ ក ស ក ស្រុកខ្សាច់កណ្តាល បានអោយដឹងថា កិច្ចប្រជុំនេះ មានសារៈសំខាន់ណាស់ ព្រោះវាបានផ្ដល់អោយប្រជាពលរដ្ឋយល់ដឹងពីការប្រើប្រាស់បង្គន់ផ្ទាល់ខ្លួន និងការប្រើប្រាស់ទឹកស្អាត និងសូមចូលរួមជាមួយអាជ្ញាធរមូលដ្ឋាន មន្ទីរជំនាញពាក់ព័ន្ធ ដើម្បីលើកកម្ពស់កម្មវិធីអនាម័យសុខភាពសហគមន៍ ឲ្យទទួលបានជោគជ័យ ដើម្បីឲ្យស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញ ក្នុងការធ្វើឲ្យប្រជាពលរដ្ឋនៅសហគមន៍ជនបទមានមានបង្គន់អនាម័យគ្រប់ៗគ្នា៕