ប្រទេសចិនកំពុងឈានទៅមុខក្នុងការសាងសង់គម្រោងផ្លូវធំៗ
ប៉េកាំង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ថា គម្រោងផ្លូវល្បឿនលឿន និងផ្លូវជាតិ និងផ្លូវខេត្តសរុបចំនួន ២៩៩ ថ្មី ត្រូវបានចាប់ផ្តើមនៅក្នុងប្រទេសចិន ក្នុងរយៈពេល ៩ខែដំបូងនៃឆ្នាំនេះ ដែលមានប្រវែង ៩,៦៤៥គីឡូម៉ែត្រ នេះបើយោងតាមក្រសួងដឹកជញ្ជូន (MOT) ។
លោក Gu Zhifeng មន្ត្រី MOT បានប្រាប់សន្និសីទសារព័ត៌មានកាលពីថ្ងៃចន្ទថា ការវិនិយោគសរុបនៃគម្រោងទាំងនេះមានដល់ទៅ ៨៨២.៦ ពាន់លានយន់ (ប្រហែល ១២៣ ពាន់លានដុល្លារអាមេរិក) ។
នៅក្នុងខែកញ្ញាតែមួយ គម្រោងផ្លូវធំថ្មីចំនួន ៣៤ ត្រូវបានផ្តួចផ្តើមឡើង។ លោក Gu បានអោយដឹងថា ការវិនិយោគសរុបរបស់ពួកគេឈានដល់ ៣៨៥.៣ ពាន់លានយន់ កើនឡើងយ៉ាងខ្លាំងប្រហែល ២៧៧ ភាគរយធៀបនឹងខែមុន។
លោក Gu បានបញ្ជាក់ថា ក្រសួងនឹងបន្តពង្រឹងកិច្ចខិតខំប្រឹងប្រែងលើការពង្រីកការវិនិយោគប្រកបដោយប្រសិទ្ធភាព និងការពន្លឿនការអនុវត្តគម្រោងផ្លូវធំៗមួយចំនួន ដើម្បីពង្រឹងតួនាទីរបស់គម្រោងសំខាន់ៗក្នុងស្ថិរភាពប្រតិបត្តិការសេដ្ឋកិច្ច។
យោងតាម MOT ចំណុចសាកថ្មសរុបចំនួន ១៦,៧២១ ត្រូវបានសាងសង់នៅក្នុងតំបន់សេវាផ្លូវល្បឿនលឿនចំនួន ៣,៩៧៤ របស់ប្រទេសចិន ខណៈដែលប្រទេសនេះបានពន្លឿនការសាងសង់កន្លែងសាកថ្មនៅតាមដងផ្លូវ។