អភិបាលខេត្តកំពង់ធំ អំពាវនាវប្រជាពលរដ្ឋចូលរួមសម្អាតបរិស្ថាន
ភ្នំពេញ៖ អភិបាលខេត្តកំពង់ធំ ឯកឧត្ដម ងួន រតនៈ បានអំពាវនាវប្រជាពលរដ្ឋចូលរួមសំអាតបរិស្ថានជាប្រចាំ ដើម្បីសុខភាពរបស់យើងទាំងអស់គ្នា។
នៅក្នុងពិធីសម្អាតបរិស្ថាន ដើម្បីត្រៀមអបអរសាទរពិធីអ៊ុំទូកនៅក្នុងខេត្តនាព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្ដម ងួន រតនៈ បានជម្រាបទៅដល់បងប្អូនប្រជាពលរដ្ឋ ឲ្យមានការទុកដាក់សំរាម និងញែកសំរាមឲ្យបានត្រឹមត្រូវ ដើម្បីបញ្ជាសការកកស្ទះនៅតាមមាត់លូ ក៏ដូចជាក្លិនមិនល្អ និងបាត់បង់សោភ័ណភាព ជាដើម។ ក្នុងនោះ ខេត្តកំពង់ធំបានកំណត់យកថ្ងៃទី៤-៥ ខែវិច្ឆិកា ឆ្នាំ២០២២ រៀបចំពិធីបុណ្យអ៊ុំទូក ដើម្បីបង្កបរិយាកាសប្បាយរីករាយ បន្ទាប់ពីការផ្អាកកម្មវិធីបុណ្យអ៊ុំទូកអស់រយៈពេល២កន្លងមក។
តាមការបញ្ជាក់របស់លោក ពេញ កែម អភិបាលក្រុងស្ទឹងសែន បានឲ្យដឹងថា ការសម្អាតបរិស្ថានថ្ងៃនេះ គឺរៀបចំទូរទាំងក្រុង នៅតាមទីសាធារណៈ ក្នុងនោះតាមដងផ្លូវក្នុងក្រុងចាប់ពី ដាវដែកកំពង់ស្វាយ ផ្លូវកំពង់ធំ សៀមរាប កំពង់ធំ ព្រះវិហារ រហូតមកដល់ព្រំប្រទល់ស្រុកសន្ទុក មានប្រវែង ១១គីឡូម៉ែត្រ និងតាមផ្លូវតូចមួយចំនួនក្នុងស្ទឹងសែន៕