ក្រសួងរ៉ែ រៀបចំសិក្ខាសាលា ស្តីពីបែបបទ នីតិវិធី លក្ខខណ្ឌ និងកម្រៃសេវាសាធារណៈ នៃការផ្ដល់ការអនុញ្ញាតនាំចូល និងប្រើប្រាស់សារធាតុវិទ្យុសកម្ម និងប្រភពវិទ្យុសកម្ម
ភ្នំពេញ៖ លោកជំទាវ ទិត លីនដា រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល
និងជាប្រធានក្រុមការងារកែទម្រង់ ហិរញ្ញវត្ថុសាធារណៈក្រសួងរ៉ែ និងថាមពល និងឯកឧត្តម អ៊ឹង អៀង រដ្ឋលេខាធិការក្រសួងរ៉ែនិងថាមពល នាថ្ងៃទី១ វិច្ឆិកា បានអញ្ជើញជាអធិបតីបើកនិងបិទសិក្ខាសាលា ស្តីពី “បែបបទ នីតិវិធី លក្ខខណ្ឌ និងកម្រៃសេវាសាធារណៈនៃការផ្ដល់ការអនុញ្ញាតនាំចូល និងប្រើប្រាស់សារធាតុវិទ្យុសកម្មនិងប្រភពវិទ្យុសកម្ម” ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៣ បូក២ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីមកពីគ្រប់នាយកដ្ឋាននៃក្រសួងរ៉ែនិងថាមពល និងមន្ទីររ៉ែនិងថាមពលរាជធានី-ខេត្តទាំងអស់ ព្រមទាំងតំណាងក្រុមហ៊ុនឯកជន សរុបចំនួន ១៨៣នាក់។
គោលបំណងនៃសិក្ខាសាលានេះ ដើម្បីផ្តល់វេទិកាផ្សព្វផ្សាយដល់មន្ត្រីក្រសួង ភាគីពាក់ព័ន្ធ និងសាធារណជនបានជ្រាប និងយល់ដឹងអំពីបែបបទ នីតិវិធី និងលក្ខខណ្ឌតម្រូវសម្រាប់ការនាំចូល និងការប្រើប្រាស់សារធាតុវិទ្យុសកម្ម និងប្រភពវិទ្យុសកម្ម ដើម្បីជំរុញ និងបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងការប្រើប្រាស់ប្រកបដោយសុវត្ថិភាព សន្តិសុខ តម្លាភាព និងគណនេយ្យភាព និងដើម្បីកៀរគរចំណូល ជូនរដ្ឋអំពីការប្រើប្រាស់ផងដែរ តាមរយៈការដាក់ចេញនូវកម្រៃសេវាសាធារណៈ និងការផាកពិន័យដូចមានកំណត់ក្នុងប្រកាស បន្ទាប់ពីប្រកាសអន្តរក្រសួងរវាងក្រសួងរ៉ែនិងថាមពល និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ត្រូវបានអនុម័តនាពេលខាងមុខនេះ ៕