អភិបាលខេត្តកំពង់ស្ពឺ៖ កូវីដ១៩ធ្វើឲ្យការជួបជុំត្រូវបានហាមឃាត់ ក្នុងនោះពិធីប្រណាំងទូកត្រូវបានអាក់ខានអស់រយៈពេល ២ឆ្នាំ
ភ្នំពេញ៖ ឯកឧត្ដម វុី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានលើកឡើងថា ដោយសារការឆ្លងរីករាលដាលនៃជំងឺកូវីដ19បានធ្វើឲ្យការជួបជុំជាទ្រង់ទ្រាយតូចឬទ្រង់ទ្រាយធំត្រូវបានហាមឃាត់ ក្នុងនោះពិធីប្រណាំងទូកត្រូវបានអាក់ខានអស់រយៈពេល២ឆ្នាំជាប់ៗគ្នា។
ឯកឧត្ដមបានឲ្យដឹងទៀតថា ដោយឡែកឆ្នាំនេះរដ្ឋបាលកំពង់ស្ពឺ ក៏ដូចជាខេត្តផ្សេងៗ បានទទួលការអនុញ្ញាតពីប្រមុខរាជរដ្ឋាភិបាល ក្នុងការបើកឲ្យមានការប្រណាំងទូកដូចបណ្ដាឆ្នាំមុនៗឡើងវិញផងដែរ។
ឯកឧត្ដមអភិបាលខេត្តបញ្ជាក់ថា សម្រាប់ខេត្តកំពង់ស្ពឺឆ្នាំនេះយើងមានទូកចំនួន៤៤ ត្រូវបានអនុញ្ញាតឱ្យចូលរួមប្រកួត។ ក្នុងនោះមានទូកខ្ទះត្នោតចំនួន៨ ទូកត្នោតចំនួន២ និងទូកអុំ ទូកចែវចំនួន៣៤។
ជាមួយគ្នានោះឯកឧត្ដម វ៉ី សំណាង បានគោរពអញ្ជើញពុកម៉ែមាមីងបងប្អូនចូលរួមទស្សនាការប្រណាំងទូកនៅក្នុងខេត្តកំពង់ស្ពឺដែលប្រព្រឹត្តទៅនាថ្ងៃទី៧ ទី៨ ខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះឲ្យបានច្រើនកុះករប្រកបដោយការទទួលខុសត្រូវខ្ពស់បំផុត៕