រដ្ឋបាលខេត្តស្ទឹងត្រែង បើកកិច្ចប្រជុំសាមញ្ញលើកទី៤២ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត
ភ្នំពេញ៖ ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្តស្ទឹងត្រែង នៅព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២ បានអញ្ជើញដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី៤២ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត អភិបាលក្រុង ស្រុក កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ មន្ទីរអង្គភាពជុំវិញខេត្ត នាយកទីចាត់ការ អង្គភាពចំណុះសាលាខេត្ត និងមន្រ្តីពាក់ព័ន្ធ កិច្ចប្រជុំនេះប្រព្រឹត្តិទៅនៅសាលប្រជុំធំសាលាខេត្ត។
កិច្ចប្រជុំបានធ្វើការពិនិត្យ និងអនុម័តលើរបៀបវារៈសំខាន់ៗរួមមាន៖
១).ការពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៤១ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត។
២).ការពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែតុលា ឆ្នាំ២០២២ និងទិសដៅការងារសម្រាប់អនុវត្តនៃខែបន្ទាប់របស់រដ្ឋបាលខេត្ត។
៣).ការពិនិត្យ និងអនុម័តសេចក្តីព្រាងផែនការរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ ឆ្នាំ២០២២។
៤).ការពិនិត្យ និងអនុម័តលើសេចក្តីព្រាងសេចក្ដីសម្រេច ស្ដីពីការកែសម្រួលសមាសភាពគណៈកម្មាធិការសម្របសម្រួលបច្ចេក ទេស(គ.ស.ប) ក្រុមប្រឹក្សាខេត្តស្ទឹងត្រែង។
៥). ការពិនិត្យ និងអនុម័តលើសេចក្ដីព្រាងសេចក្តីសម្រេច ស្ដីពីការកែសម្រួលសមាសភាពគណៈកម្មាធិការលទ្ធកម្ម(គ.ល) ក្រុមប្រឹក្សាខេត្តស្ទឹងត្រែង។
៦).ការពិនិត្យ និងអនុម័តលើសេចក្តីព្រាងសេចក្ដីសម្រេច ស្តីពីការកែសម្រួលសមាសភាពគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការ ស្ត្រី និងកុមារខេត្ត (គ.ក.សក) ក្រុមប្រឹក្សាខេត្តស្ទឹងត្រែង។
៧).ការពិនិត្យ និងអនុម័តលើការបែងចែកប្រាក់រង្វាន់លើកទឹកចិត្តដែលបានមកពីការផ្តល់សេវារដ្ឋបាលសម្រាប់ឧបត្ថមបុគ្គលិក មន្ត្រីប្រចាំខែកក្កដា ដល់ខែកញ្ញា ឆ្នាំ២០២២។
៨).បញ្ហាផ្សេងៗ និង
៩).មតិបូកសរុប និងបិទកិច្ចប្រជុំ៕