អគ្គលេខាធិការអង្គការសហប្រជាជាតិ នឹងចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អង្គការសហប្រជាជាតិ នៅភ្នំពេញ
ភ្នំពេញ៖ លោក António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ នឹងចូលរួមកិច្ចប្រជុំកំពូល អាស៊ាន-អង្គការសហប្រជាជាតិ នាសប្តាហ៍ក្រោយ នៅរាជធានីភ្នំពេញ ។
យោងតាមសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី៣ ខែវិច្ឆិកា បានឲ្យដឹងថា នៅថ្ងៃទី១០ វិច្ឆិកា អគ្គលេខាធិការអង្គការសហប្រជាជាតិ នឹងធ្វើដំណើរទៅកាន់ទីក្រុងភ្នំពេញ ដើម្បីថ្លែងសុន្ទរកថា ក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អង្គការសហប្រជាជាតិ ដោយផ្តោតលើនិន្នាការក្នុងតំបន់ និងពិភពលោក ភាពអាសន្នអាកាសធាតុ និងស្ថានភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា។
កិច្ចប្រជុំកំពូលអាស៊ាន-អង្គការសហប្រជាជាតិ គឺជាចំណុចសំខាន់មួយក្នុងរបៀបវារៈ នៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ក្នុងឋានៈជាប្រធានអាស៊ាននៅឆ្នាំនេះ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា នៅរាជធានីភ្នំពេញ ៕