អ្នកសារព័ត៌មានជាតិ និងអន្ដរជាតិ ប្រមាណ១៧០០នាក់ បានចុះឈ្មោះដើម្បីយកព័ត៌មានកិច្ចប្រជុំកំពូលអាស៊ានដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ
ភ្នំពេញ៖ ឯកឧត្តម ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាន បានឲ្យដឹងថា មានអ្នកសារព័ត៌មានជាតិ និងអន្ដរជាតិ ចំនួន១,៧០០នាក់ បានចុះឈ្មោះស្នើសុំដើម្បីយកព័ត៌មានក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និងទី៤១ និងកិច្ចប្រជុំកំពូលអាស៊ាន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះប្ដូរវេននៅឆ្នាំ២០២២នេះ។
ក្នុងកម្មវិធីជំនួបអ្នកសារព័ត៌មានស្តីពី ការត្រៀមយកព័ត៌មានស្តីពីកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលរៀបចំដោយក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) នារសៀលថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ឯកឧត្តម ផុស សុវណ្ណ បានអះអាងថា ក្នុងចំណោមអ្នកសារព័ត៌មានដែលបានចុះឈ្មោះស្នើសុំយកព័ត៌មាននេះ មានអ្នកសារព័ត៌មានអន្ដរជាតិប្រមាណ៩០០នាក់។
ឯកឧត្តម ផុស សុវណ្ណ បានបន្ថែមទៀតថា ក្រសួងព័ត៌មាន និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ ធ្លាប់រំពឹងទុកមុនថា ក្នុងរយៈពេលមួយខែ នៃដំណើរការចុះឈ្មោះស្នើសុំដែលទើបបញ្ចប់នៅថ្ងៃទី៣១ ខែតុលានេះ គឺប្រមាណ១,៤០០នាក់ប៉ុណ្ណោះ ប៉ុន្ដែក្រោយពេលបិទបញ្ចប់ មានរហូតដល់១,៧០០នាក់ឯណោះ ដែលនេះជាចំនួនមួយលើសការរំពឹងទុកទៅទៀត។
នេះបើយោងតាម ឯកឧត្តម ផុស សុវណ្ណ ក្នុងចំណោមអ្នកសារព័ត៌មានទាំង១,៧០០នាក់នេះ មានចំនួន១,៦៤៨នាក់ ត្រូវបានក្រសួងព័ត៌មាន ពិនិត្យឯកសារត្រឹមត្រូវគ្រប់គ្រាន់តាមលក្ខខណ្ឌ និងបានផ្ដល់ជូននូវប័ណ្ណសម្គាល់ខ្លួន (PASS) សម្រាប់ប្រើប្រាស់ក្នុងការផ្ដិតយករូបភាព និងខ្លឹមសារព័ត៌មាន ចេញពីកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ក្រៅពីនេះត្រូវបានបដិសេធដោយស្នើឲ្យពិនិត្យឡើងវិញ។
ឯកឧត្តម ផុស សុវណ្ណ បានឲ្យដឹងទៀតថា សម្រាប់អ្នកសារព័ត៌មានដែលទទួលបានការឯកភាពពីក្រសួង តាមរយៈការចុះឈ្មោះតាមប្រព័ន្ធអនឡាញហើយនោះ អាចទៅទទួលយកប័ណ្ណសម្គាល់ខ្លួន (PASS) របស់ខ្លួនចាប់ពីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសណ្ឋាគារសុខាភ្នំពេញ។
ឯកឧត្តម បានបន្តថា អង្គភាពសារព័ត៌មាននីមួយៗ អាចចាត់តំណាងម្នាក់ដើម្បីទៅទទួលយកកាតនេះក៏បានដែរ ដោយមិនចាំបាច់បុគ្គលម្នាក់ៗត្រូវតែទៅនោះទេ។
សូមជម្រាបថា កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និងទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ចាប់ផ្ដើមថ្ងៃទី០៨ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ ហើយដោយកិច្ចប្រជុំនេះ នឹងមានថ្នាក់ដឹកនាំកំពូលពិភពលោក និងស្ថាប័នអន្តរជាតិចូលរួម ចំនួន៣៤រូប៕
ប្រភព: ក្រសួងព័ត៌មាន