មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន៖ យុទ្ធនាការអន្ទាក់សូន្យ បានផ្តល់អត្ថប្រយោជន៍ជាច្រើនសម្រាប់ បរិស្ថាននិងធនធានធម្មជាតិ
ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាននិងជាប្រធានយុទ្ធនាការអន្ទាក់សូន្យ មានប្រសាសន៍ថា យុទ្ធនាការអន្ទាក់សូន្យ បានផ្តល់អត្ថប្រយោជន៍ជាច្រើនសម្រាប់ បរិស្ថាននិងធនធានធម្មជាតិ។
នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលយុទ្ធនាការអន្ទាក់សូន្យនៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម នេត្រ ភក្ត្រា បានឲ្យដឹងថា យុទ្ធនាការអន្ទាក់សូន្យ បានផ្តល់អត្ថប្រយោជន៍ជាច្រើនសម្រាប់ បរិស្ថាននិងធនធានធម្មជាតិ ជាពិសេសជាផ្នែក មួយនៃកិច្ចខិតខំប្រឹងប្រែងផ្តល់ជម្រកសុវត្ថិភាពដល់សត្វព្រៃ ដោយ«រក្សាព្រៃឈើបាន នឹងសម្បូណ៌សត្វព្រៃ»។ សាធារណជនជារួមបានដឹងពីយុទ្ធនាការ អន្ទាក់សូន្យ និងបានទទួលព័ត៌មានយ៉ាងទូលំទូលាយពីអ្វីដែល បានផ្សព្វផ្សាយចេញពីយុទ្ធនាការអន្ទាក់សូន្យ។
ឯកឧត្តមបន្តថា ទាំងមន្ត្រីក្រសួងបរិស្ថាននិងអង្គការសង្គមស៊ីវិលដែលធ្វើការងារអភិរក្ស បានបង្ហាញការពេញចិត្ត ចំពោះលទ្ធផលដែលទទួលបានពីយុទ្ធនាការអន្ទាក់សូន្យរយៈពេល ៦ ខែមកនេះដោយបានគូសបញ្ជាក់ថា វាជាកិច្ចការងារ ចាំបាច់បំផុតដែលក្រសួងបរិស្ថាននិងអង្គការដៃរួមគ្នាធ្វើយុទ្ធនាការរួមគ្នា ដើម្បីលុបបំបាត់អម្ទាក់ ដែលជាឃាតក លាក់មុខសម្លាប់សត្វព្រៃកម្ពុជាជារៀងរាល់ថ្ងៃ។
ឯកឧត្តម នេត្រ ភក្ត្រា បានបញ្ជាក់ទៀតថា យុទ្ធនាការអន្ទាក់សូន្យនឹងមិនបញ្ឈប់ត្រឹមនេះទេ ប៉ុន្តែនឹងបន្ត ធ្វើជាលក្ខណៈភ្លៀងរលឹម ហើយនឹងត្រូវពង្រីកទៅកាន់តំបន់ជួរភ្នំក្រវ៉ាញដូចជាខេត្តកំពង់ស្ពឺ ខេត្តកោះកុង ខេត្តពោធិ៍សាត់ ជាដើមដែលជាតំបន់មានតំបន់ការពារធម្មជាតិ និងមានការលួចបរបាញ់ និងលក់ដូរសាច់សត្វព្រៃ ខុសច្បាប់៕