បទវិភាគ៖ចិននិងអាល្លឺម៉ង់គួរតែពួតដៃគ្នាធ្វើកិច្ចសហប្រតិបត្តិការដើម្បីរួមចំណែកកាន់តែច្រើនដល់ការរក្សាសន្តិភាពនិងការអភិវឌ្ឍរបស់ពិភពលោក
កាលពីថ្ងៃទី ៤ ខែវិច្ឆិកា នៅទីក្រុងប៉េកាំង លោក Xi Jinping ប្រធានរដ្ឋចិនបានជួបសន្ទនាជាមួយលោក Olaf Scholz នាយករដ្ឋមន្រ្តីអាល្លឺម៉ង់ដែលបានបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសចិនដោយបានលើកឡើងថា ប្រទេសចិនរីករាយរួមសហការជាមួយអាល្លឺម៉ង់ដើម្បីកសាងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដែលសម្លឹងទៅរកអនាគតនិងជំរុញទំនាក់ទំនងរវាងចិននិងអាល្លឺម៉ង់ ក៏ដូចជាទំនាក់ទំនងរវាងចិននិងសហភាពអឺរ៉ុបឱ្យទទួលបានការអភិវឌ្ឍថ្មី ។ ជាការឆ្លើយតប លោក Olaf Scholz បានលើកឡើងថា អាល្លឺម៉ង់រីករាយបង្កើនការស្វែងយល់និងការកសាងទំនុកចិត្តលើគ្នាទៅវិញទៅមកជាមួយប្រទេសចិនដើម្បីខិតខំលំនឹង ពង្រឹងនិងអភិវឌ្ឍទំនាក់ទំនងរវាងអាល្លឺម៉ង់និងចិន ។
លោក Olaf Scholz គឺជាមេដឹកនាំអឺរ៉ុបដំបូងគេបង្អស់ដែលអញ្ជើញបំពេញទស្សនកិច្ចនៅប្រទេសចិនបន្ទាប់ពីសមាជបក្សកុម្មុយនីស្តចិនលើកទី ២០ ហើយនេះក៏ជាដំណើរទស្សនកិច្ចលើកដំបូងនៅប្រទេសចិនរបស់លោកបន្ទាប់ពីលោកឡើងកាន់តំណែងជានាយករដ្ឋមន្រ្តីអាល្លឺម៉ង់ផងដែរ ។ ឆ្នាំនេះគាប់ជួនជាខួបទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងចិននិងអាល្លឺម៉ង់ ។ ពេលរំលឹកឡើងវិញពីដំណើរប្រាស្រ័យទាក់ទងរវាងចិននិងអាល្លឺម៉ង់ លោកប្រធានរដ្ឋចិន Xi Jinping បានលើកឡើងថា “ឱ្យតែប្រទេសទាំងពីរប្រកាន់ខ្ជាប់នូវគោលការណ៍ស្តីពីការគោរពគ្នាទៅវិញទៅមក ស្វែងរកចំណុចឯកភាពគ្នានិងរក្សាទុកគំនិតមិនស្របគ្នា បង្កើនការផ្លាស់ប្តូរនិងការរៀនសូត្រពីគ្នាព្រមនិងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ នោះ ទិសដៅទូទៅនៃទំនាក់ទំនងទ្វេភាគីក៏នឹងមិនឃ្លាតឆ្ងាយពីផ្លូវត្រឹមត្រូវនោះទេ ហើយការបោះជំហានទៅរកអនាគតនឹងកាន់តែស្ថិរភាពផងដែរ ។” នេះក៏ជាខ្លឹមសារសំខាន់នៃទំនាក់ទំនងរវាងចិននិងអាល្លឺម៉ង់ ពោលគឺ ដើរកាន់តែឆ្ងាយកាន់តែរឹងមាំ ។
ចិននិងអាល្លឺម៉ង់មានភាពខុសប្លែកគ្នាផែ្នកប្រព័ន្ធនយោបាយនិងផ្លូវអភិវឌ្ឍន៍ ហើយប្រទេសទាំងពីរមិនអាចជៀសវាងពីការខ្វែងគំនិតគ្នាក្នុងបញ្ហាមួយចំនួនដែលបណ្តាលឱ្យមានការរំខានដល់ការអភិវឌ្ឍទំនាក់ទំនងនៃប្រទេសទាំងពីរ ។ តើទំនាក់ទំនងរវាងចិននិងអាល្លឺម៉ង់សម្លឹងមើលទៅអនាគតយ៉ាងណា ? លោកប្រធានរដ្ឋចិន Xi Jinping បានសង្កត់ធ្ងន់ថា ចិននិងអាល្លឺម៉ង់គួរតែគោរពគ្នាទៅវិញទៅមក យោគយល់ពីផលប្រយោជន៍ជាស្នូលរៀងៗខ្លួន ក៏ដូចជាប្រកាន់ខ្ជាប់កិច្ចសន្ទនានិងការពិគ្រោះពិភាក្សានិងរួមគ្នាទប់ទល់នឹងការរំខាននៃកត្តាមួយចំនួន ដូចជាការបដិបក្ខគ្នាជាក្រុមនិងគំនិតលំអៀងខាងមនោគមវិជ្ជាជាដើម ។
សូមបញ្ជាក់ថា ចាប់តាំងពីចិននិងអាល្លឺម៉ង់បានបង្កើតទំនាក់ទំនងការទូតអស់រយៈពេល ៥០ ឆ្នាំមក កិច្ចសហប្រតិបតិ្តការផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មជា”យុថ្កា”សម្រាប់លំនឹងទំនាក់ទំនងទ្វេភាគី ។ តាមស្ថិតិឱ្យដឹងថា ប្រទេសចិនបានក្លាយជាដៃគូពាណិជ្ជកម្មធំបំផុតរបស់អាល្លឺម៉ង់ក្នុងរយៈពេល ៦ ឆ្នាំជាប់ៗគ្នា ឯអាល្លឺម៉ង់បានក្លាយជាដៃគូពាណិជ្ជកម្មនៅអឺរ៉ុបធំបំផុតរបស់ចិនក្នុងរយៈពេល ៤៧ ឆ្នាំជាប់ៗគ្នា ។ ប្រព័ន្ធសារព័ត៌មានបរទេសបានចាប់អារម្មណ៍ថា ក្នុងដំណើរទស្សនកិច្ចលើកនេះ មានសហគ្រាសយក្សអាល្លឺម៉ង់ចំនួន ១២ សហគ្រាសបានអមដំណើរលោក Olaf Scholz ទៅកាន់ប្រទេសចិន ពួកគេគឺជាតំណាងសហគ្រាសអាល្លឺម៉ង់ជាង ១០០ ដែលបានដាក់ពាក្យស្នើសុំ ដែលបានគ្របដណ្តប់មុខរបរជាច្រើន ដូចជាផលិតកម្ម គីមី ឱសថនិងម្ហូបអាហារជាដើម ។ ប្រការនេះបានបង្ហាញឱ្យឃើញនូវការយកចិត្តទុកដាក់យ៉ាងខ្លាំងរបស់អាល្លឺម៉ង់ចំពោះទីផ្សារចិននិងឱកាសចិន ។
ថ្លែងក្នុងកិច្ចជំនួបលើកនេះ លោក Olaf Scholz បានរំលឹកឡើងវិញថា អាល្លឺម៉ង់គាំទ្រយ៉ាងមុតមាំដល់ការធ្វើសេរីភាវូបនីយកម្មពាណិជ្ជកម្ម គាំទ្រយ៉ាងមុតមាំដល់ការធ្វើសកលភាវូបនីយកម្មសេដ្ឋកិច្ចនិងប្រឆាំងនឹង”ការផ្តាច់ទំនាក់ទំនង”ជាមួយប្រទេសចិន ហើយរីករាយបន្តធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបតិ្តការផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មជាមួយប្រទេសចិនព្រមទាំងគាំទ្រឱ្យសហគ្រាសនៃប្រទេសទាំងពីរទៅកាន់ប្រទេសគូភាគីដើម្បីធ្វើកិច្ចសហប្រតិបតិ្តការនិងវិនិយោគ ។
បច្ចុប្បន្ននេះ ស្ថានការណ៍អន្តរជាតិមានភាពស្មុគស្មាញនិងប្រែប្រួលយ៉ាងខ្លាំង ។ ក្នុងនាមជាប្រទេសធំទាំងពីរដែលមានឥទ្ធិពលខ្លាំងនៅលើពិភពលោក ចិននិងអាល្លឺម៉ង់គួរតែពួតដៃគ្នាធ្វើកិច្ចសហប្រតិបត្តិការក្រោមសភាពការណ៍ដែលមានបម្រែបម្រួលនិងភាពវឹកវរដើម្បីរួមចំណែកកាន់តែច្រើនដល់ការរក្សាសន្តិភាពនិងការអភិវឌ្ឍរបស់ពិភពលោក ៕