ក្រសួងសេដ្ឋកិច្ច នឹងដាក់ឱ្យដំណើរការថ្នាលឌីជីថលគន្លឹះ នៅក្នុងវេទិកាបច្ចេកវិទ្យាហិរញ្ញវត្ថុ នៃពិព័រណ៍បច្ចេកវិទ្យាកម្ពុជា ២០២២
ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមរយៈមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” នឹងដាក់ឱ្យដំណើរការថ្នាលឌីជីថលគន្លឹះ Cambodia Distributed Ledger ហៅកាត់ថា CamDL នៅថ្ងៃទី ១៣ ខែ វិច្ឆិកា ឆ្នាំ ២០២២ នៅក្នុង “វេទិកាបច្ចេកវិទ្យាហិរញ្ញវត្ថុ” នៃពិព័រណ៍បច្ចេកវិទ្យាកម្ពុជា ២០២២។
CamDL គឺជាបណ្តាញប្លុកឆេនចម្រុះ (Hybrid Permissioned Blockchain) ដែលបង្កើតឡើងដើម្បីផ្តល់ជូនសាធារណៈជន នូវថ្នាលមួយសម្រាប់តេស្ត សិក្សាស្វែងយល់ ដកពិសោធ ឬអភិវឌ្ឍកម្មវិធីក្នុងទម្រង់ Web 3.0 ឬកម្មវិធីដែលដំណើរការក្នុងវិស័យហិរញ្ញវត្ថុវិមជ្ឈការ(Decentralized Application – DApp) ក្នុងគោលបំណងដោះស្រាយបញ្ហាប្រឈមប្រចាំថ្ងៃនៅក្នុងសហគមន៍ និងនៅក្នុងឧស្សាហកម្ម។
ការដាក់ឱ្យដំណើរការថ្នាល CamDL នេះ គឺជាជំហានថ្មីមួយនៃវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុនៅប្រទេស
កម្ពុជា ក្នុងការទាញយកសក្តានុពលពីបច្ចេកវិទ្យាថ្មីៗដើម្បីជំរុញឱ្យមាននវានុវត្តន៍នៅក្នុងវិស័យបច្ចេក-វិទ្យាហិរញ្ញវត្ថុ និងវិស័យហិរញ្ញវត្ថុជារួម៕