តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង រៀបចំពិធីចុះហត្ថលេខាបន្តសហការរុករក អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលពលីជីវិតក្នុងសម័យសង្គ្រាមនៅកម្ពុជា ជំហានទី២២
ភ្នំពេញ៖ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ បានរៀបចំពិធីចុះហត្ថលេខាបន្តសហការ រុករក ជីកលើក និងធ្វើមាតុភូមិនិវត្តន៍ អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការ វៀតណាម ដែលបានពលីជីវិតក្នុងសម័យសង្គ្រាមនៅភូមិសាស្ត្រខេត្តកំពង់ឆ្នាំង ជំហានទី២២ រដូវប្រាំង ឆ្នាំ២០២២-២០២៣ ដែលពិធីនេះស្ថិតក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ទោ មុំ សុភាព មេបញ្ជាការរង និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការជំនាញ យោធភូមិភាគពិសេស ដោយមានការចូលរួមពី ឯកឧត្តម នៃ ចារី អភិបាលរង និងជាប្រធានគណៈកម្មការជំនាញ ខេត្តកំពង់ឆ្នាំង និងលោកឧត្តមសេនីយ៍ត្រី ដន ថាញ់ស៊ុន អនុប្រធាននយោបាយប្រធានគណៈចង្អុលការ៥១៥ យោធភូមិភាគទី៩ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ។
ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បានឡើងរាយការណ៍អំពីលទ្ធផលនៃការរុករក ជីកលើក អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាមនៅខេត្តកំពង់ឆ្នាំង ចាប់ពីជំហានទី១ រដូវប្រាំងឆ្នាំ២០០២-២០០៣ ដល់ជំហានទី២១ រដូវប្រាំងឆ្នាំ២០២១-២០២២ បានចំនួន៣៦៣សព និងបានធ្វើមាតុភូមិនិវត្តន៍ទៅកាន់មាតុប្រទេសវិញរួចហើយ ។
ឧត្តមសេនីយ៍ត្រី ដន ថាញ់ស៊ុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋកម្ពុជា ដែលបានសហការយ៉ាងស្អិតរមួត ក្នុងការជួយផ្ដល់ព័ត៌មាននិងស្រាវជ្រាវ រុករក ជីកលើកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម ឲ្យបានវិលត្រឡប់ទៅកាន់មាតុភូមិវិញនាពេលកន្លងមក ។
ឧត្តមសេនីយ៍ទោ មុំ សុភាព បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ចំពោះកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម ដែលបានសហការជាមួយកងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា វាយរំដោះប្រទេសកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ និងបានបន្តជួយដល់ប្រទេសកម្ពុជា រហូតមក ។
ឯកឧត្តម នៃ ចារី ក្នុងនាមប្រធាន អនុប្រធាន និងក្រុមការងាររបស់ គណៈកម្មាការជំនាញខេត្តកំពង់ឆ្នាំង បានប្តេជ្ញាចិត្តបន្តកិច្ចសហការជាមួយក្រុមការងារK90 គណៈចង្អុលការ៥១៥ យោធភូមិភាគទី៩ នៃកងទ័ពប្រជាជនវៀតណាម ក្នុងការងារមនុស្សធម៌ ដើម្បីស្រាវជ្រាវ រុករក ជីកលើក និងធ្វើមាតុភូមិនិវត្តន៍ អដ្ឋិធាតុ កងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម ទៅកាន់មាតុប្រទេសជួបជុំក្រុមគ្រួសារ ដែលរង់ចាំអដ្ឋិធាតុនៅឯប្រទេសកំណើត ៕