ប្រធានវេទិកាសេដ្ឋកិច្ចពិភពលោក ប្រាប់សម្ដេចតេជោ ថាឯកឧត្ដមបានឃើញនូវ សក្កដានុពលយ៉ាងខ្លាំង លើយុវជនកម្ពុជា
ភ្នំពេញ៖ ឯកឧត្ដមសាស្ត្រាចារ្យ ក្លាស ស្វាប់ (Klaus Schwab) ប្រធានវេទិកាសេដ្ឋកិច្ចពិភពលោក បានថ្លែងប្រាប់សម្ដេចតេជោ ហ៊ុន សែន ថាឯកឧត្តមបានជួបនិស្សិតកម្ពុជា ហើយបានឃើញនូវសក្កដានុពលយ៉ាងខ្លាំង លើយុវជនកម្ពុជា ជាពិសេសគឺចំណាប់អារម្មណ៍ របស់ពួកគេលើបដិវត្តន៍ ឧស្សាហកម្មទី៤ ។
ក្នុងជំនួបពិភាក្សាការងារជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ាន នៅថ្ងៃទី១១ ខែវិច្ឆិកា សាស្ត្រាចារ្យ ក្លាស ស្វាប់ បានគោរពវាយតម្លៃខ្ពស់ចំពោះការរៀបចំកិច្ចប្រជុំនៅរាជធានីភ្នំពេញ ហើយបានគោរពជម្រាបជូនសម្តេចតេជោថា «លោកបានជួបនិស្សិតកម្ពុជា ហើយបានឃើញនូវសក្កដានុពលយ៉ាងខ្លាំងលើយុវជនកម្ពុជា ជាពិសេសគឺចំណាប់អារម្មណ៍របស់ពួកគេលើបដិវត្តន៍ឧស្សាហកម្មទី៤» ។ ក្នុងន័យនេះ សាស្ត្រាចារ្យ ក្លាស ស្វាប់ សូមគោរពសម្តែងនូវការអបអរសាទរ ជូនចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី ចំពោះការអភិវឌ្ឍន៍កម្ពុជាយ៉ាងឆាប់រហ័ស និងសក្កានុពលសម្រាប់ការអភិវឌ្ឍន៍កម្ពុជា កាន់តែខ្លាំងថែមទៀត ។
ជាការឆ្លើយតប សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណជូនចំពោះ សាស្ត្រាចារ្យ ក្លាស ស្វាប់ ដែលបានយល់ព្រមអញ្ជើញមកចែករំលែកធាតុចូលនៅពេលដែលកម្ពុជាកំពុងតែស្តារសេដ្ឋកិច្ចឡើងវិញស្របពេលដែលពិភពលោកកំពុងប្រឈមនឹងបញ្ហាសង្គ្រាមនៅអ៊ុយក្រែន និងបញ្ហាជាច្រើនដ៏ទៃទៀត៕