ឯកឧត្ដម ហ៊ុន ម៉ាណែត៖ ប្រវត្តិសាស្ត្រនៃសង្រ្គាមជាង ៥០០ឆ្នាំ កន្លងផុតទៅ ត្រូវបានជំនួសដោយការអបអរសាទរ ចំពោះមោទនភាពរបស់កម្ពុជា ក្នុងនាមប្រធានអាស៊ានឆ្នាំ២០២២
ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានថ្លែងថា ប្រវត្តិសាស្ត្រនៃសង្រ្គាមជាង ៥០០ឆ្នាំ បានកន្លងផុតទៅ និងត្រូវបានជំនួសដោយការអបអរសាទរចំពោះមោទនភាពរបស់ព្រះរាជាណាចក្រកម្ពុជា ក្នុងនាមប្រធានអាស៊ានឆ្នាំ២០២២ ដែលទើបបានធ្វើជាម្ចាស់ផ្ទះរៀបចំដោយជោគជ័យ នូវកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដោយបានទទួលស្វាគមន៍នូវការអញ្ជើញមកដល់របស់មេដឹកនាំសំខាន់ៗ នៃបណ្តាប្រទេសជាដៃគូក្នុងតំបន់ និងបណ្តាប្រទេសមហាអំណាចលើសាកលលោក ហើយកិច្ចប្រជុំកំពូលទាំងអស់ក៏បានដំណើរការទៅប្រកបដោយសន្តិសុខ សុខសុវត្ថិភាពខ្ពស់ និងសម្រេចបាននូវសមិទ្ធផលសំខាន់ៗជាច្រើន។
ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត លើកឡើងបែបនេះក្នុងឱកាសញ្ជើញបើកការរដ្ឋានបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ របស់កងទ័ពជើងគោក ក្នុងគម្រោង សម្តេចតេជោសម្រាប់សកម្មភាពមីន ក្រោមមូលបទ “ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម” ស្ថិតក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នាថ្ងៃទី១៥ វិច្ឆិកា ៕