កម្ពុជាចូលរួមសន្និសីទអន្តរជាតិស្តីពី “ពង្រឹងសាមគ្គីភាព និងសហប្រតិបត្តិការជាមួយបណ្តាសង្គមស៊ីវិល និងបណ្តាអង្គការក្រៅរដ្ឋាភិបាលអន្តរជាតិដើម្បីបង្កើតអនាគតដ៏ល្អប្រសើរសម្រាប់មនុស្សជាតិ” រៀបចំឡើង នៅរដ្ឋធានីប៉េកាំង ប្រទេសចិន
រសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បណ្តាញអង្គការសង្គមស៊ីវិលចិន (CNIE) បានរៀបចំសន្និសីទអន្តរជាតិស្តីពី “ពង្រឹងសាមគ្គីភាព និងសហប្រតិបត្តិការជាមួយបណ្តាសង្គមស៊ីវិល និងបណ្តាអង្គការក្រៅ រដ្ឋាភិបាលអន្តរជាតិ ដើម្បីបង្កើតអនាគតដ៏ល្អប្រសើរសម្រាប់មនុស្សជាតិ” នៅរដ្ឋធានីប៉េកាំង ប្រទេសចិន ដោយមានតំណាងបក្សនយោបាយ អង្គការក្រៅរដ្ឋាភិបាល សង្គមស៊ីវិល ក្រុមធនាគារខួរក្បាល ស្ថាប័នអ្នកសារព័ត៌មានចំនួន២០០នៃប្រទេសជាង៧០បានចូលរួម ហើយដោយឡែកភាគីកម្ពុជាដែលបានចូលរួមរួមមាន៖ សមាគមមិត្តភាពកម្ពុជា-ចិន សមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន សភាសម្ព័ន្ធសហជីពជាតិកម្ពុជា និងការិយាល័យមូលនិធិចិនដើម្បីសន្តិភាពនិងការអភិវឌ្ឍប្រចាំកម្ពុជា។
ថ្លែងបើកអង្គសន្និសីទនេះ លោក Chen Zhou អនុរដ្ឋមន្ត្រីនៃក្រសួងទំនាក់ទំនងអន្តរជាតិនៃគណៈកម្មាធិការ មជ្ឈិមបក្សកុម្មុយនិស្តចិន បានថ្លែងជម្រាបពីសមិទ្ធផលនៃសមាជលើកទី២០របស់បក្សកុម្មុយនិស្តចិន ហើយបានរំលេចពីទំនាក់ទំនងដ៏ល្អរវាងបក្សកុម្មុយនិស្តចិនជាមួយបណ្តាបក្សនយោបាយនានានៅទូទាំងពិភពលោក។ សមាជលើកទី២០របស់បក្សកុម្មុយនិស្តចិនគឺជាព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តដែលមិនត្រឹមសម្រាប់ប្រទេសចិនប៉ុណ្ណោះទេ តែថែមទាំងបានចូលរួមដល់ចរន្តនៃការថែរក្សាសុខសន្តិភាពពិភពលោក ការអភិវឌ្ឍសកល ការថែរក្សាសណ្តាប់ធ្នាប់សកល ការកសាងសហគមន៍រួមជីវិតរវាងមនុស្សនិងធម្មជាតិ ការកសាងសហគមន៍រួមវាសនានៃមនុស្សជាតិ។ លោកក៏បានគូសបញ្ជាក់ពីទំនាក់ដ៏ល្អជាមេត្រីភាពនៃបណ្តាសង្គមស៊ីវិលនានារបស់ប្រទេសចិនជាមួយបណ្តាសង្គមស៊ីវិល អង្គការក្រៅរដ្ឋាភិបាលនានានៅក្នុងពិភពលោកដែលបាននិងកំពុងចូលរួមយ៉ាងសកម្មបំពេញបាននូវតម្រូវការជាក់ស្តែងរបស់ប្រជាជន ព្រមទាំងបង្កើនចំណងមេត្រីភាពជាប្រពៃណីរវាងប្រទេសចិននិងពិភពលោកថែមទៀតផង។
ឯកឧត្តម ឯក សំអុល សមាជិកគណៈប្រចាំការនៃគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល ប្រធានគណៈកម្មាធិការត្រួតពិនិត្យនៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានសមាគមមិត្តភាពកម្ពុជា-ចិន បានចូលរួមអបអរសាទរយ៉ាងស្មោះស្ម័គ្រចំពោះការរៀបចំដោយជោគជ័យនូវសមាជជាតិលើកទី២០ របស់បក្សកុម្មុយនិស្តចិន និងសូមចូលរួមអបអរសាទរយ៉ាងក្លៀវក្លាជូនចំពោះឯកឧត្តម ស៊ី ជីនភីង ដែលត្រូវបានអង្គសមាជបោះឆ្នោតជាអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនសម្រាប់អាណត្តិទី៣ ដើម្បីបន្តដឹកនាំប្រទេសចិនតាមមាគ៌ាទំនើបកម្មសង្គមនិយមតាមបែបផែនចិន។ ឯកឧត្តមក៏បានកម្ពុជាជាប្រទេសតូច ប្រជាជនតិច ក្រីក្រ ប៉ុន្តែមានសំណាងល្អ ដែលបន្តដំណើររួមជាមួយប្រទេសចិននៅក្នុងរថភ្លើងល្បឿនលឿននៃការអភិវឌ្ឍជាតិ។ ការស្ថាបនារួមគ្នាក្នុងគំនិតផ្តួចផ្តើម “ខ្សែ ក្រវាត់ និងផ្លូវ” បាននាំប្រទេសកម្ពុជាចូលទៅក្នុងយុគសម័យមាសនៃការអភិវឌ្ឍន៍” ដែលបានធ្វើឱ្យប្រទេសកម្ពុជាមានការរីកចម្រើនយ៉ាងខ្លាំងលើគ្រប់វិស័យ ហើយទទួលបាននូវការកោតសរសើរ និងស្វាគមន៍យ៉ាងខ្លាំងពីពិភពលោក។
ក្នុងនាមសង្គមស៊ីវិលនៅក្នុងប្រទេសកម្ពុជា សមាគមមិត្តភាពកម្ពុជា-ចិន រួមជាមួយបណ្តាសង្គមស៊ីវិលនានាក្នុងប្រទេសកម្ពុជាបាននិងកំពុងរក្សាការផ្លាស់ប្តូរ និងសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយសង្គមស៊ីវិលចិនក្រោមឆ័ត្រCNIE ដើម្បីពង្រឹងការចែករំលែកពុទ្ធិ និងបទពិសោធន៍ ព្រមទាំងសហការគ្នា ក្នុងការកសាងមូលដ្ឋានគ្រឹះនៃទំនាក់ទំនងរវាងប្រជាជននិងប្រជាជន សម្រាប់រឹតចំណងមេត្រីភាពជាមិត្តភាពរវាងកម្ពុជានិងចិនក្នុងយន្តការពហុភាគីនិយម ដើម្បីបង្កើនតម្លៃរួមរបស់មនុស្សជាតិទាំងមូល ក្នុងការថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍ ក្រោមកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ និងការកសាងបានសហគមន៍ជោគវាសនារួមនៃមនុស្សជាតិ៕ (ដោយ៖ វិទ្យុមិត្តភាពកម្ពុជា-ចិន)