មេទ័ពជើងគោក៖ ការងារហ្វឹកហ្វឺន គឺជាជ្រុងអាទិភាពមួយ នៃការកែទម្រង់កងយោធពលខេមរភូមិន្ទ
ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានថ្លែងបញ្ជាក់ថា ការងារហ្វឹកហ្វឺន គឺជាជ្រុងអាទិភាពមួយនៃ ការកែទម្រង់កងយោធពលខេមរភូមិន្ទ ។
ក្នុងពិធីបិទវគ្គហ្វឹកហ្វឺនពិសេស បំប៉នជំនាញការពារព្រំដែនគោក ឆ្នាំ២០២២ នាថ្ងៃទី១៥ ខែវិច្ឆិកា ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី បានដាក់ចេញនូវផែនការកែទម្រង់កងយោធពលខេមរភូមិន្ទ សំដៅធ្វើទំនើបកម្ម និងបង្កើនសមត្ថភាពវិជ្ជាជីវៈកងទ័ព ដើម្បីធានាការពារប្រកបដោយប្រសិទ្ធភាពនូវឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី សន្តិភាព សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ។
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត លើកឡើងថា កងយោធពលខេមរភូមិន្ទជាបណ្តើរៗ បានធ្វើការអភិវឌ្ឍធនធានមនុស្ស តាមរយៈការបណ្តុះបណ្តាលយោធិនអាជីព និងការបង្កើនគុណភាពហ្វឹកហ្វឺនបំប៉នជំនាញឯកទេស ស្របទៅតាមស្ថានភាព និងតម្រូវការនៃសំណូមពរភារកិច្ចចំពោះមុខរបស់អង្គភាពនីមួយៗ ក៏ដូចជាទិសដៅទស្សនវិស័យនៃ ដំណើរការកែទម្រង់ទាំងមូល ៕