នាយឧត្តមសេនីយ ប៉ែន វិបុល និងឯកឧត្តម គួច ចំរើន អញ្ជើញប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិជូនមន្រ្តីនគរបាលជាតិ នៃស្នងការដ្នាននគរបាលខេត្តព្រះសីហនុ
ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ ប៉ែន វិបុល អគ្គស្នងការរង និងជាប្រធាននាយកដ្ឋានបុគ្គលិកក្រសួងមហាផ្ទៃ និងឯកឧត្តម គួច ចំរើន អភីបាលខេត្តព្រះសីហនុ នាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ បានអញ្ជើញប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិជូនមន្រ្តីនគរបាលជាតិ នៃស្នងការដ្នាននគរបាលខេត្តព្រះសីហនុ ដោយមានការអញ្ជើញចូលរួមពីលោកអភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត អភិបាលក្រុងព្រះសីហនុ អយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ស្នងការនគរបាលខេត្ត មេបញ្ជាការសឹករងព្រះសីហនុ និងមេបញ្ជាការកងរាជអាវុធហត្ថខេត្ត។
បន្ទាប់ពីលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានអានរបាយការណ៍សកម្មភាពនៅក្នុងភូមិសាស្រ្តខេត្តព្រះសីហនុរួចមក ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ អបអរសាទរអស់លោក លោកស្រី បានប្រើប្រាស់សមត្ថភាព និងបទពិសោធន៍ក្នុងការចួលរួមដឹកនាំចាត់ចែងអនុវត្តតាមតួនាទី ភារកិច្ចដែលថ្នាក់ដឹកនាំប្រគល់ជូន និងកិច្ចប្រតិបត្តិការល្អ ទន់ភ្លន់ ហ្មត់ចត់ ជាមួយមន្ទីរ អង្គភាពរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ បានល្អប្រកបដោយមនសិការវិជ្ជាជីវមានការទទួលខុសត្រូវខ្ពស់រួមគ្នាសម្រេចបាននូវសមិទ្ធផលនឹងស្នាដៃថ្មីៗបន្ថែមទៀត ពិសេសប្រកាន់ភ្ជាប់នូវអភិក្រមរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាគឺ ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យបាល និងវះកាត់ និងបានវចនាពីរ គឺ ” កែទម្រង់ខាងក្នុង និងបង្កើនមិត្តខាងក្រៅ ” ដោយស្មារតីឯករាជ្យ។
ឯកឧត្តម អភិបាលខេត្ត បានធ្វើការផ្តាំផ្ញើដល់នាយ នាយរង ពលនគរបាលទើបតែងតាំងថ្មីត្រូវ ៖
១.រួមសាមគ្គីជាធ្លុងមួយ ដើម្បីការពារសន្តិភាព ទោះត្រូវលះបង់ដោយតម្លៃណាក៏ដោយត្រូវពុះពារឧបសគ្គការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ
២.ខិតខំពង្រឹងនូវខឿនសន្តិសុខជាតិ ការពារឯករាជ្យ អធិបតេយ្យភាពជាតិ បូរណភាពទឹកដី ទប់ស្កាត់ និងបញ្ចៀសនូវអំពើភេរវកម្ម វិច្ឆេទកម្ម និងបង្កាបង្ក្រាបឱ្យបានទាន់ពេលវេលានូវឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ
៣.លើកកម្ពស់ការទទួលខុសត្រូវក្នុងការធានាគ្រប់គ្រងសភាព ការណ៍ក្នុងភូមិសាស្ត្រ ផ្តោតលើសណ្តាប់ធ្នាប់សាធារណៈ ទប់ស្កាត់ និងដោះស្រាយទំនាស់នានានៅមូលដ្ឋាន ជំរុញអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ក៏ដូចជាយុទ្ធនាការនានារបស់រាជរដ្ឋាភិបាល សំដៅកាត់បន្ថយនូវបទល្មើសគ្រប់ប្រភេទ
៤.បន្តរឹតបណ្តឹងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានម៉ឺងម៉ាត់
៥.ជំរុញអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនលើកទី៥ របស់រាជរដ្ឋាភិបាលឱ្យបានផុលផុស។
ឯកឧត្តម នាយឧត្តមសេនីយ ប៉ែន វិបុល អគ្គស្នងការរង និងជាប្រធាននាយកដ្ឋានបុគ្គលិកក្រសួងមហាផ្ទៃមានប្រសាសន៍សំណេះសំណាលជាមួយមន្ត្រីនគរបាលខេត្ត សូមអមអរសាទរលោក លោកស្រី ត្រូវបានប្រមុខរាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃប្រគល់ទំនុកចិត្តតែងតាំង ដំឡើងឋានន្តរស័ក្តិនាពេលនេះ ព្រមទាំងកោតសរសើរកងកម្លាំងនគរបាលខេត្តបានចូលរួមប្រយុទ្ធប្រឆាំងទប់ស្កាត់ជំងឺកូវីដ-១៩ ការចូលរួមការពារសុវត្តិភាពរៀបចំការបោះឆ្នោតឃុំ សង្កាត់កន្លងមក។
ឯកឧត្តមនាយឧត្តមសេនីយ៍សង្ឃឹមថា កងកម្លាំងរបស់យើងបន្តការរក្សាសន្តិសុខ សុវត្ថិភាពស្របតាមការអភិវឌ្ឍរីកចម្រើន ពិសេសទប់ស្កាត់គ្រឿងញៀន និងបទល្មើសផ្សេងៗទៀត។ យើងជាកងកម្លាំងមានភារកិច្ច បង្ការទប់ស្កាត់រាល់បទល្មើសនានា ប្រកបដោយជោគជ័យ ទោះបីយើងអត់មានឧបករណ៍ទំនើប កត្តាជោគជ័យរបស់យើងប្រកបដោយ ការទទួលខុសត្រូវការដំឡើងឋានន្តរស័ក្តិ យើងមិនអាចធ្វើបានគ្រប់គ្នានោះទេសង្ឃឹមថា យើងបន្តបេសកម្មរបស់យើងឱ្យទទួលបានជោគជ័យបន្ថែមទៀត ទន្ទឹមនោះក៏បានថ្លែងអំណរគុណឯកឧត្តមអភិបាលខេត្ត ដែលបានផ្តល់ឱវាទល្អៗសម្រាប់មន្ត្រីនគរបាលរបស់យើងក្នុងការចូលរួមបំពេញការងារតាមតួនាទីភារកិច្ចក្នុងអង្គភាព ក៏ដូចជាធ្វើសេនាធិការឱ្យគណៈបញ្ជាការឯកភាពខេត្តកាន់តែមានប្រសិទ្ធិភាពបន្ថែមទៀត៕