ក្រសួងកសិកម្ម សម្តែងការខកចិត្តជុំវិញការឃាត់ខ្លួនប្រធាននាយកដ្ឋានសត្វព្រៃ នៅសហរដ្ឋអាមេរិក ដែលចោទពីបទសមគំនិតរត់ពន្ធសត្វស្វាក្តាម
ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ បានចេញសេចក្តីប្រកាសព័ត៌មាន ដោយសម្តែងការមិនពេញចិត្តចំពោះការឃាត់ខ្លួនប្រធាននាយកដ្ឋានសត្វព្រៃ និងជីវចម្រុះនៃរដ្ឋបាលព្រៃឈើ លោក គ្រី ម៉ះផល ក្នុងអំឡុងពេលដែលលោកធ្វើដំណើរឆ្លងកាត់សហរដ្ឋអាមេរិក ទៅចូលរួមកិច្ចប្រជុំអនុសញ្ញាសាយតេស [ CITES] នៅប្រទេសប៉ាណាម៉ា។
សេចក្តីប្រកាសព័ត៌មាន របស់ ក្រសួងកសិកម្ម បានបង្ហាញការភ្ញាក់ផ្អើល និងក្តីទោមនស្សយ៉ាងខ្លាំង ជុំវិញរឿងការឃាត់ខ្លួន លោក គ្រី ម៉ះផល ដែលត្រូវបានចោទប្រកាន់ពីបទសមគំនិតក្នុងការរត់ពន្ធសត្វស្វាក្តាមទៅសហរដ្ឋអាមេរិក។
ក្រសួងកសិកម្មបានគូសបញ្ជាក់បែបនេះថា ការឃាត់ខ្លួននេះ គឺរឿងមួយគួរឱ្យហួសចិត្តបំផុត ដែលលោកត្រូវបានឃាត់ខ្លួនក្រោមបទចោទប្រកាន់នេះ ខណៈដែលលោកកំពុងធ្វើដំណើរទៅចូលរួមកិច្ចប្រជុំផ្លូវការ ដើម្បីការពារសត្វ និងរុក្ខាជាតិជិតផុតពូជនៅឯវេទិកាអង្គការសហប្រជាជាតិ ។។