មន្ត្រីឧទ្យានុរក្សកែវសីមា ឃាត់បុរស២នាក់ ដាក់អន្ទាក់ចាប់សត្វស្លាប([ល្វាចេកព្រៃ] ដាក់លាក់ក្នុងអាវយកទៅលក់ឲ្យវៀតណាម
ភ្នំពេញ៖ មន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃកែវសីមា នៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានចុះប្រតិបត្តិការល្បាត តាមដាន អង្កេត ស្រាវជ្រាវ បង្ការ ទប់ស្កាត់
មន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃកែវសីមា នៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានចុះប្រតិបត្តិការល្បាត តាមដាន អង្កេត ស្រាវជ្រាវ បង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ស្ថិតក្នុងភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ប្រទះឃើញជនសង្ស័យចំនួន ២នាក់ ជិះម៉ូតូ០២គ្រឿង ក្នុងសភាពគួរឲ្យសង្ស័យ ក៏ឃាត់សួរនាំ ខណៈជនសង្ស័យទាំង២នាក់ កំពុងបើកបរម៉ូតូ ហើយនៅក្នុងខ្លួនពាក់អាវធំ ។
ក្រោយស្ទាក់ឃាត់សួរនាំកាលពីវេលារសៀលនាថ្ងៃទី២១ ខែវិច្ជិកា ឆ្នាំ២០២២នេះ កម្លាំងសមត្ថកិច្ចជំនាញ ក៏បានឆែកឆែរឃើញសត្វស្លាប ល្វាចេកព្រៃ ដែលជនសង្ស័យបានលាក់ទុកនៅក្នុងអាវធំ និងនៅក្នុងម៉ូតូ បម្រុងនាំយកទៅលក់ នៅឯប្រទេសវៀតណាម ។
មន្ត្រីជំនាញបានឲ្យដឹងថា វត្ថុតាង រឹបអូសបានមានដូចជា ៖ ១/ សត្វស្លាបល្វាចេក ចំនួន ៣៩ក្បាល និង២/ ម៉ូតូម៉ាកវ៉េវ ចំនួន០២គ្រឿង ។
បច្ចុប្បន្ន សមត្ថកិច្ចបញ្ជូនខ្លួនជនសង្ស័យ និងវត្ថុតាងសត្វស្លាប នាំយកមកមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ដើម្បីបន្តនីតិវិធីច្បាប់ ។
សូមបញ្ជាក់ថា ល្វាចេកព្រៃ គឺជាឈ្មោះសត្វស្លាបមួយប្រភេទ ដែលបក្សីឈ្មោល មានក្បាល ទ្រូង ខ្នង និងកន្ទុយពណ៌ខៀវចាស់ និងចុងខ្នងពណ៌ស និងបក្សីញីវិញ មានពណ៌ស្រអាប់ជាងឈ្មោល ក្បាល ទ្រូង និងខ្នងពណ៌ប្រផេះក្រម៉ៅ[ខៀវខ្ចី] ។ តាមការសិក្សាពីជីវសាស្ត្ររស់នៅ បក្សីនេះច្រើនរស់នៅតាមព្រៃស្រោង ព្រៃពាក់កណ្ដាលស្រោង និងព្រៃឫស្សី និងបង្ហាញវត្តមានពេញមួយឆ្នាំ ដោយមានរដូវបន្តពូជចាប់ពីខែមីនា ដល់ខែ កញ្ញា។។