លោកជំទាវ ម៉ែន សំអន នាំយកអំណោយរបស់ សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងចំនួន ៤៧៣គ្រួសារ នៅក្នុងស្រុកសង្គមថ្មី ខេត្តព្រះវិហារ
ភ្នំពេញ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច នារសៀល ថ្ងៃពុធ ១៥រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹង ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីក្នុងពីធីសំណេះសំណាល និងចែកអំណោយជូនប្រជាពលរដ្ឋចំនួន ៤៧៣គ្រួសារ ដែលទទួលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនៅក្នុងស្រុកសង្គមថ្មី ខេត្តព្រះវិហារ។
ថ្លែងក្នុងឱកាសនោះ លោកជំទាវកិត្តិសង្គហបណ្ឌិត បានពាំនាំនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់អង្គពិធីទាំងមូលដោយក្តីនឹករលឹក និងការគិតគូរអំពីសុខទុក្ខរបស់ប្រជាពរដ្ឋនៅគ្រប់ទីកន្លែង ។
លោកជំទាវកិត្តិសង្គហបណ្ឌិត បានបន្តទៀតថា ថ្ងៃនេះ លោកជំទាវបាននាំអំណោយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈ ឯកឧត្តម គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី ១ នៃគណៈកម្មាការជាតិគ្រប់គ្រង់គ្រោះមហន្តរាយ មកចែកជូនដល់ប្រជាពលរដ្ឋចំនួន ៤៧៣គ្រួសារ នៅក្នុងស្រុកសង្គមថ្មី ខេត្តព្រះវិហា ដែលបានបង្ហាញពីការ យកចិត្តទុក្ខដាក់របស់សម្តេចតេជោ ដោយមិនទុកឲ្យអ្នកណាកម្នាក់ដាច់ពោះស្លាប់ដោយសារអត់អាហារនោះទេ ។
លោកជំទាវកិត្តិសង្គហបណ្ឌិត បានថ្លែងកោតសរសើរដល់អាជ្ញាធរ និងក្រុមការងារគណបក្សប្រជាជនកម្ពុជា ដែលបានរួមគ្នាយ៉ាងសស្រាក់សស្រាំ ដើម្បីដោះស្រាយការលំបាកជូនប្រជាពលរដ្ឋ និងថ្លែងកោតសរសើរក្រុមគ្រូពេទ្យនៅខេត្តព្រះវិហារ ដែលបានប្រឹងប្រែងរួមគ្នាទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩ និងអរគុណប្រជាពលរដ្ឋដែលបានចូលរួមអនុវត្តន៍វិធានការនានា រួមទាំងការទៅទទួលយកវ៉ាក់សាំងកូវីដ-១៩។
លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានថ្លែងអំណរគុណប្រជាពលរដ្ឋនៅខេត្តព្រះវិហារ ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាក្នុងដំណើរការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ និងសង្ឃឹមថា ប្រជាពលរដ្ឋបន្តបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាជាបន្តទៀតនៅឆ្នាំ២០២៣ខាងមុខ ។ ជាពិសេស បន្តចួលរួមថែរក្សាសុខសន្តិភាព ដើម្បីចូលរួមចំណែជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍សង្គមឲ្យកាន់តែ មានភាពរីកចម្រើនបន្ថែមទៀត ។
អំណោយសម្រាប់ពលរដ្ឋចំនួន ៤៧៣គ្រួសារ ថ្ងៃនេះ ក្នុងមួយគ្រួសារ ទទួលបានរួមមាន៖ អង្គរ ចំនួន ២៥គីឡូក្រាម,មី ១កេស,ទឹកសុទ្ធ ១កេស,ទឹកត្រី ១យួរ,ទឹកស៊ីអីវ ១យួរ,ត្រីខ ១យួរ,ពូជបន្លែ ៦កញ្ចប់ (ត្រប់វែង ផ្ទីស ស្ពៃខៀវ ល្ពៅ និងសណ្តែកគួរ) និងថវិកា ២ម៉ឺនរៀល ៕