រដ្ឋបាលខេត្តបន្ទាយមានជ័យ ប្រារព្ធទិវាអនាម័យបរិស្ថានជាតិ ក្រោមប្រធានបទ “មាតុភូមិយើង កាតព្វ កិច្ចយើង ស្អាត និងបៃតង”
ភ្នំពេញ៖ មន្ទីរបរិស្ថានខេត្តបន្ទាយមានជ័យ សហការជាមួយរដ្ឋបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ បានរៀបចំប្រារព្ធទិវា អនាម័យបរិស្ថានជាតិ ក្រោមប្រធានបទ “មាតុភូមិយើង កាតព្វកិច្ចយើង ស្អាត និងបៃតង” ធ្វើឡើងក្រោមអធិបតីភាព លោក យឹម សំណាង អភិបាលរង នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត ដោយមានការចូលរួមពីសំណាក់ មន្ត្រីរាជការ កងកម្លាំង វិស័យឯកជន អាជីវករ សិស្សានុសិស្សបានចូល រួម ធ្វើឡើងនៅបរិវេណស្តង់តាងួន ស្ថិតនៅក្នុងក្រុងប៉ោយប៉ែត ។
លោក យឹម សំណាង ក៏បានបំផុសចលនាអប់រំការយល់ដឹងដល់មហាជន ប្រជាពលរដ្ឋ សិស្សានុសិស្ស ចូលរួមធ្វើអនាម័យបរិស្ថាន នាំគ្នាសំអាតផ្ទះសំបែង ការដាំកូនឈើនៅតាមមូលដ្ឋាន ឱ្យបានផុលផុសប្រកបដោយភាពបៃតង ការទុកដាក់សំណល់សំរាមឱ្យបានត្រឹមត្រូវ ដោយត្រូវវេចខ្ចប់ និងញែកសំរាមតាមប្រភេទ ដើម្បីកាត់បន្ថយសំណល់-ការប្រើប្រាស់ឡើងវិញ-ការកែច្នៃឡើងវិញ សំណល់ផ្ទុកសារធាតុគ្រោះថ្នាក់ និងសំណល់ផ្សេងៗ ដោយប្រែក្លាយសំណល់មួយចំនួនឱ្យមានតម្លៃសេដ្ឋកិច្ច និងកាត់បន្ថយបរិមាណសំណល់នៅតាមទីលានចាក់សំរាម ដើម្បីលើកស្ទួយសោភ័ណភាពក្រុងនិងខេត្ត។
លោកបានបន្តថា ការគ្រប់គ្រងពុំទាន់បាននូវសំណល់រឹង សំរាម សំណល់រាវតាមបណ្តាក្រុង/ស្រុក ក៏ជាបញ្ហាបន្ទាន់ និងចំពោះមុខដែរ។ ការចោលសំរាម តាមប្រព័ន្ធលូទឹកស្អុយ ផ្លូវថ្នល់ទីសាធារណៈ និងការដឹកសំរាមទៅចាក់ចោលពុំចំគោលដៅកំណត់ធ្វើឱ្យទីប្រជុំជនបាត់សោភ័ណ្ឌភាពប៉ះពាល់ដល់ដល់សុខភាព និងមោទនភាព របស់ខេត្តយើងដែល ជាខេត្តទេសចរណ៍ និងជាផ្លូវដែលភ្ញៀវទេសចរជាតិ អន្តរជាតិឆ្លងកាត់៕