ប្រជាពលរដ្ឋ ៨០០ គ្រួសារ ក្នុងក្រុងកំពង់ចាម និងស្រុកកំពង់សៀម បានទទួលស្បៀងអាហាររបស់រាជរដ្ឋាភិបាល
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា រួមជាមួយថ្នាក់ដឹកនាំខេត្តជាច្រើនរូបទៀត នៅព្រឹកថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ ២០២២ នេះ នៅទីធ្លាវត្តនគរបាជ័យ បានធ្វើពិធីសំណេះសំណាល និងចែកអំណោយដល់ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ចំនួនសរុប ៨០០ គ្រួសារ ក្នុងនោះមកពីក្រុងកំពង់ចាម ៤០០ គ្រួសារ និងស្រុកកំពង់សៀម ៤០០ គ្រួសារ ។
អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ថា ការចែកស្បៀងអាហាររបស់រដ្ឋាភិបាល ដល់បងប្អូនប្រជាពលរដ្ឋយើង នាពេលនេះ គឺជាការចូលរួមសុខទុក្ខ ជាមួយបងប្អូនប្រជាពលរដ្ឋ ពោលគឺ បើទោះបីជាស្ថិតក្នុងកាលៈទេសៈណាក៏ដោយ គឺយើងមិនរត់ចោលគ្នា ។ ជាក់ស្ដែងដូចជាក្នុងបរិបទជម្ងឺកូវីដ១៩ អស់រយៈពេល ២ ឆ្នាំ ដែលយើងពិតជាលំបាកណាស់ ទាំងអាជ្ញាធរក៏ដូចជាប្រជាពលរដ្ឋ គឺបានរួមគ្នាទប់ស្កាត់កុំឲ្យជំងឺនោះឆ្លងរីករាលដាល ចូលក្នុងសហគមន៍ ហើយពេលនោះក្រុមអាជ្ញាធរក៏បានខិតខំដោះស្រាយស្បៀងអាហារ នានា ដើម្បីចែកជូនដល់បងប្អូន នៅពេលដែលមានការបិទខ្ទប់ ឬសម្រាប់អ្នកដែលបានឆ្លងជំងឺនោះ ។ ប៉ុន្តែជាគ្រោះអកុសល បន្ទាប់ពីប្រជាពលរដ្ឋយើងបានធូរស្រាលពីជំងឺកូវីដ១៩ ក៏មកជួបប្រទះនិងគ្រោះទឹកជំនន់ ដូច្នេះហើយ ទើបអាជ្ញាធរនៅតែបន្តធ្វើការដោះស្រាយនូវបញ្ហានេះ ជូនបងប្អូនប្រជាពលរដ្ឋយើង ដោយមិនទុកបងប្អូនប្រជាពលរដ្ឋយើងចោលនោះទេ។
លោកអភិបាលខេត្តបានបន្តថា ចំពោះបងប្អូនប្រជាពលរដ្ឋប្រភេទ ក្រ១ ក្រ២ ត្រូវបានទទួលការឧបត្ថម្ភជាថវិកាពីរាជរដ្ឋាភិបាល ជាប្រចាំខែផងដែរ ដោយកិច្ចការនេះរដ្ឋាភិបាលមិនទាន់បញ្ចប់នៅឡើយទេបើទោះបីជាជំងឺកូវីដ១៩ បានធូស្រាលទៅហើយក្តី ។ ទន្ទឹមនឹងនេះដែររដ្ឋាភិបាល បានគិតគូរបន្តលើកម្មវិធីគាំពារសង្គម ដោយថ្មីៗនេះ មានកម្មវិធីថ្មី ២ បន្ថែមទៀត នៃផ្នែកសង្គមកិច្ច និងផែនការ គឺ ទី១ ៖ ដោះស្រាយដល់ប្រជាពលរដ្ឋ ក្រ១ ក្រ២ ដោយទឹកជំនន់ ទី២ ៖ ដោះស្រាយដល់ប្រជាពលរដ្ឋដែលទទួលរងនូវអតិផរណា ដោយសារមានសង្គ្រាមនៅក្រៅប្រទេស ដែលធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក ក៏ដូចជាប៉ះពាល់ដល់ជីវភាពរបស់បងប្អូនប្រជាពលរដ្ឋ ៕