ខឹងប្រពន្ធលក់ដីមិនប្រាប់ បុរសជាប្ដីទ្រាំមិនបានវាយប្រពន្ធរបួសយ៉ាងដំណំ នៅស្រុកកណ្តៀង ខេត្តពោធិ៍សាត់
ភ្នំពេញ៖ បុរសម្នាក់ត្រូវនគរបាលស្រុកកណ្តៀង ចាប់ឃាត់ខ្លួនពាក់ព័ន្ធករណីបង្ក អំពើហឹង្សាវាយទៅលើប្រពន្ធយ៉ាងដំណំ បណ្តាលឲ្យរងរបួសធ្ងន់។
ករណីនេះកើតឡើងនៅចំណុច ផ្ទះជនសង្ស័យ ស្ថិតក្នុងភូមិនៅកញ្ជើបាយដាច ឃុំអន្លង់វិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ កាលពីវេលាម៉ោង១៧និង១៥នាទី ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២។
បើយោងតាមនគរបាលស្រុកកណ្តៀង បានឲ្យដឹងថា ដោយទទួលព័ត៌មានពីជនរងគ្រោះ ឈ្មោះ នឿន ចាន់ថា ភេទស្រី អាយុ៣១ឆ្នាំ រស់នៅភូមិកញ្ជើបាយដាច ឃុំអន្លង់វិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ បានប្តឹងរាយការណ៍ដល់សមត្ថកិច្ចថា ឈ្មោះ ស៊ី ម៉ៅ ភេទប្រុស អាយុ៣០ឆ្នាំ ត្រូវជាប្តី បានឈ្លោះ ប្រកែកដោយប្រើពាក្យសម្តីដាក់គ្នាទៅវិញទៅមក ខណៈពេលនោះប្តីបានប្រើអំពើហឹង្សា វាយមក លើខ្លួនបណ្តាលអោយរងរបួសធ្ងន់ធ្ងរ ភ្លាមៗនោះកម្លាំងបានចុះអន្តរាគមន៍ដល់កន្លែងកើតហេតុ។
នគរបាលបញ្ជាក់ឲ្យដឹងទៀតថា ករណីហិង្សាខាងលើ គឺបង្កឡើងដោយបុរសជាប្តី ខឹងប្រពន្ធខ្លួនលក់ដី ធ្លីមិនប្រាប់ ទើបបណ្តាលឲ្យមានរឿងរាវឈ្លោះប្រកែកគ្នាដូចនេះ។
បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់និងនាំខ្លួន បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកកណ្តៀង ដើម្បីបំពេញបែបបទតាមនីតិវិធី៕