ប្រធានសភាអាស៊ែបៃហ្សង់៖ ៣ថ្ងៃ នៅកម្ពុជា ខ្ញុំបានជួបពិភាក្សាការងារ និងបានសង្កេតឃើញសក្ដានុពល កិច្ចសហប្រតិបត្តិការ រវាងស្ថាប័ននីតិបញ្ញត្តិ ជាពិសេសរវាងយុវជន
ភ្នំពេញ៖ លោកជំទាវ Sahiba Ali ghizi Gafarova ប្រធានរដ្ឋសភានៃសាធារណរដ្ឋអាស៊ែបៃហ្សង់ បានថ្លែងប្រាប់សម្ដេចតេជោ ហ៊ុន សែន ថារយៈពេល ៣ថ្ងៃ នៅកម្ពុជា លោកជំទាវ បានជួបពិភាក្សាការងារ និងបានសង្កេតឃើញសក្ដានុពល កិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិបញ្ញត្តិ ជាពិសេសរវាងយុវជន។
នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បន្ទាប់ពីជួបជាមួយប្រធានរដ្ឋសភាឥណ្ឌូនេស៊ីរួចហើយនោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបន្តជួបពិភាក្សាជាបន្តទៀតជាមួយ លោកជំទាវ Sahiba Ali ghizi Gafarova ប្រធានរដ្ឋសភានៃសាធារណរដ្ឋអាស៊ែបៃហ្សង់។
ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្ដេចតេជោ បានឲ្យដឹងអំពីលទ្ធផលក្រោយជំនួបថា លោកជំទាវ ហ្កាហ្វារ៉ូវ៉ា បានគោរព ថ្លែងអំណរគុណជូនចំពោះសម្ដេចតេជោ សម្ដេចប្រធានព្រឹទ្ធសភា សម្ដេចប្រធានរដ្ឋសភា ដែលបានគាំទ្រអាហ្សែរបៃហ្សង់ ឲ្យបានក្លាយជាអ្នកសង្កេតការណ៍របស់អាយប៉ា។
លោកជំទាវ ហ្កាហ្វារ៉ូវ៉ា បានគោរពជំរាបជូនសម្ដេចតេជោថា រយៈពេល ៣ថ្ងៃ នៅ ព្រះរាជាណាចក្រកម្ពុជា លោកជំទាវ បានជួបពិភាក្សាការងារ និងបានសង្កេតឃើញសក្ដានុពលកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិបញ្ញត្តិ ជាពិសេសរវាងយុវជន។
ជាមួយគ្នានោះដែរ លោកជំទាវ ហ្កាហ្វារ៉ូវ៉ា ក៏បាន ជំរាបជូនសម្ដេចតេជោនូវបំណងជំរុញទំនាក់ទំនងរវាងនីតិប្រតិបត្តិ ជំរុញការអនុវត្ត អនុស្សរណៈ ដែលបានចុះហត្ថលេខារួចហើយ និងស្វែងរកសក្ដានុពលបន្ថែមទៀត ជាមួយការជំរុញការតភ្ជាប់ទំនាក់ទំនងរវាងអាយប៉ា និងបណ្ដាញសភានៃបណ្ដាប្រទេសមិនចូលបក្សសម្ព័ន្ធ ។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានយល់ស្របជាមួយនឹងការវាយតម្លៃរបស់លោកជំទាវ ហ្កាហ្វារ៉ូវ៉ា និងបានសំដែងនូវការគាំទ្រចំពោះការលើកឡើងរបស់លោកជំទាវ ប្រធានរដ្ឋសភានៃសាធារណរដ្ឋអាស៊ែបៃហ្សង់៕