បទវិភាគ៖ បរាជ័យមួយទៀតរបស់អាមេរិកក្នុងការទប់ស្កាត់ការអភិវឌ្ឍរបស់ប្រទេសចិន
ចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៧ខែវិច្ឆិកាឆ្នាំ២០២២ លោកXiJinping ប្រធានរដ្ឋចិនបានអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលលើកទី១៧នៃប្រទេសG២០នៅកោះបាលីប្រទេសឥណ្ឌូណេស៊ី ។ នេះគឺជាលើកដំបូងដែលលោកXiJinping ប្រធានរដ្ឋចិនបានចូលរួមក្នុងកិច្ចប្រជុំកំពូលពហុភាគី បន្ទាប់ពីសមាជបក្សកុម្មុយនីស្តចិនលើកទី២០ បានបើកធ្វើដោយជោគជ័យ។ នៅក្នុងកិច្ចប្រជុំកំពូលលើកនេះ មេដឹកនាំនៃបណ្តាបស្ចិមប្រទេសដែលដឹកនាំដោយលោកចូ បៃឌិនប្រធានាធិបតីអាមេរិក បាននាំគ្នាជួបប្រាស្រ័យជាមួយប្រមុខរដ្ឋចិនសំឡេងរបស់ប្រទេសចិនបានក្លាយជាចំណុចក្តៅដែលមតិសាធារណៈអន្តរជាតិយកចិត្តទុកដាក់ជាបន្តបន្ទាប់ ហើយវាជាសញ្ញាកត់សម្គាល់នូវបរាជ័យមួយទៀតរបស់អាមេរិកក្នុងការទប់ស្កាត់ការអភិវឌ្ឍរបស់ប្រទេសចិន។
ថ្ងៃទី១៤ខែវិច្ឆិកា លោកXiJinping ប្រធានរដ្ឋចិនបានជួបប្រាស្រ័យទល់មុខគ្នាជាមួយលោកចូ បៃឌិន ប្រធានាធិបតីអាមេរិកនៅកោះបាលី ដោយបានផ្លាស់ប្តូរមតិយោបល់យ៉ាងស្មោះត្រង់និងស៊ីជម្រៅ ស្តីពីបញ្ហាសំខាន់ៗដែលទាក់ទងនឹងទំនាក់ទំនងរវាងចិននិងអាមេរិក និងសន្តិភាពនិងការអភិវឌ្ឍរបស់ពិភពលោក។ នេះគឺជាការជួបប្រាស្រ័យទល់មុខគ្នាលើកដំបូងរវាងប្រមុខរដ្ឋចិននិងអាមេរិក ក្នុងរយៈពេលជាងបីឆ្នាំ ជាពិសេសគឺចាប់តាំងពីបានផ្ទុះការរីករាលដាលនៃជំងឺកូវីដ១៩មក ហើយវាក៏ជាព្រឹត្តិការណ៍ទ្វេភាគីមួយលើកដែលទាក់ទាញការយកចិត្តទុកដាក់បំផុតពីសហគមន៍អន្តរជាតិ ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលG20 ផងដែរ ។ សហគមន៍អន្តរជាតិបានវាយតម្លៃវិជ្ជមានជាទូទៅចំពោះសមិទ្ធផលនិងសារសំខាន់នៃកិច្ចជំនួបលើកនេះ ដោយជឿជាក់ថា”កិច្ចជំនួបកំពូលក្នុងកិច្ចប្រជុំកំពូល”លើកនេះគឺធ្វើឡើងក្នុងឱកាសពិសេស ដែលមានសារសំខាន់ណាស់ វាចាប់ដំណើរការនូវ”ការកសាងស្ពាន”រវាងប្រទេសចិននិងអាមេរិក ដែលនឹងជះឥទ្ធិពលយ៉ាងស៊ីជម្រៅដល់ទិសដៅអភិវឌ្ឍន៍នៃទំនាក់ទំនងចិននិងអាមេរិក ក៏ដូចជាបម្រែបម្រួលនៃរចនាសម្ព័ន្ធអន្តរជាតិផងដែរ។
ក្នុងរយៈពេលជាយូរណាស់មកហើយ ការវិនិច្ឆ័យខុសយ៉ាងធ្ងន់ធ្ងររបស់អាមេរិកចំពោះទិសដៅយុទ្ធសាស្ត្រនៃប្រទេសចិន ព្រមនិងចលនាអវិជ្ជមានមួយចំនួនដែលបង្កឡើងដោយសារការវិនិច្ឆ័យខុសនេះបានបណ្តាលឱ្យទំនាក់ទំនងរវាងចិននិងអាមេរិកមានភាពតានតឹងយ៉ាងខ្លាំង ។ តាំងពីខែសីហាឆ្នាំ២០២២មក ប្រទេសចិនបានផ្អាកកិច្ចសន្ទនាមួយចំនួនរវាងចិននិងអាមេរិក។ ជាការពិតសម្រាប់លោកចូ បៃឌិន ការជួបប្រាស្រ័យលើកនេះគឺមានតម្លៃណាស់ ពីព្រោះលោកបានស្នើសុំជួបប្រាស្រ័យជាមួយប្រមុខរដ្ឋចិនតាំងពីជាងមួយឆ្នាំមុនមកម្លេះ ប៉ុន្តែសំណើនេះត្រូវបានភាគីចិនបដិសេធ ហើយលោកចូ បៃឌិនបានរង់ចាំជាងមួយឆ្នាំ ទើបអាចជួបប្រមុខរដ្ឋចិនបាន។ហេតុអ្វីបានជាលោកចូ បៃឌិន ប្រញាប់ចង់សម្រេចបាននូវការជួបប្រាស្រ័យរវាងប្រមុខរដ្ឋចិននិងអាមេរិក មូលហេតុជាគន្លឹះគឺមិនថា កិច្ចការផ្ទៃក្នុងឬការទូត មិនថាបញ្ហាក្នុងតំបន់ឬបញ្ហាអាកាសធាតុក៏ដោយ ក៏អាមេរិកសុទ្ធតែមិនអាចកាត់ផ្ដាច់ពីកិច្ចសហប្រតិបត្តិការរបស់ប្រទេសចិនបានឡើយ។
សហភាពអឺរ៉ុប គឺជាសម្ព័ន្ធមិត្តដ៏សំខាន់បំផុតមួយរបស់អាមេរិក ក៏ជាបៀដ៏សំខាន់មួយសន្លឹករបស់អាមេរិកក្នុងការទប់ស្កាត់ការងើបឡើងវិញរបស់ប្រទេសចិនផងដែរ។ប្រទេសអាមេរិកញុះញង់សម្ព័ន្ធមិត្តអឺរ៉ុបផ្តាច់ទំនាក់ទំនងផ្នែកសេដ្ឋកិច្ចជាមួយប្រទេសចិន ហើយគ្រោងនឹងឆ្លៀតសង្រ្គាមរវាងអ៊ុយក្រែននិងរុស្ស៊ី ដើម្បីគ្រប់គ្រងសេដ្ឋកិច្ចសហភាពអឺរ៉ុបហើយអូសទាញសហភាពអឺរ៉ុបរួមគ្នាទប់ស្កាត់ប្រទេសចិន។ នៅទីបំផុត សង្រ្គាមអ៊ុយក្រែននិងរុស្ស៊ីនៅមិនទាន់បញ្ចប់នៅឡើយ ប្រទេសអាល្លឺម៉ង់ដែលជាប្រទេសសំខាន់នៃសហភាពអឺរ៉ុប ក៏បាននាំមុខបំបែកភាពជាប់គាំងជាមួយប្រទេសចិនក្នុងមួយរយៈពេលកន្លងទៅ។ នៅថ្ងៃទី៤ខែវិច្ឆិកា លោកScholz នាយករដ្ឋមន្ត្រីអាល្លឺម៉ង់ បានដឹកនាំសហគ្រាសអន្តរជាតិចំនួនជាង១០របស់អាល្លឺម៉ង់ ទៅបំពេញទស្សនកិច្ចនៅប្រទេសចិន ហើយបានចុះហត្ថលេខាលើបញ្ជីទិញមួយចំនួន។បន្ទាប់ពីអាល្លឺម៉ង់បានភ្លក្សរសជាតិផ្អែមនេះហើយ ប្រមុខរដ្ឋនៃប្រទេសអឺរ៉ុបជាច្រើន ដូចជាប្រទេសបារាំងជាដើម ក៏ចង់នាំគ្នាទៅបំពេញទស្សនកិច្ចនៅប្រទេសចិនដែរ។វេបសាយនយោបាយអាមេរិកឈ្មោះ Politicoបានចេញផ្សាយអត្ថបទថា នៅក្នុងកិច្ចប្រជុំកំពូលG20 “មេដឹកនាំនៃប្រទេសអឺរ៉ុបគ្រប់រូបសុទ្ធតែចង់ជួបប្រាស្រ័យទល់មុខជាមួយលោកXiJinpingប្រធានរដ្ឋចិន”។ នៅក្រោមស្ថានភាពបែបនេះ ប្រសិនបើរដ្ឋាភិបាលអាមេរិកបន្តធ្វើឱ្យទំនាក់ទំនងជាមួយប្រទេសចិនកាន់តែអាក្រក់ទៅៗ នោះអាមេរិកនឹងនៅឯកោនិងអាម៉ាស់ទាំងស្រុងខាងការទូតនាពេលអនាគត។
ខណៈពេលដែលស្ថានការណ៍វិវត្តមកដល់ពេលបច្ចុប្បន្ននេះ មិនថាដោយសារកត្តាផលប្រយោជន៍ក៏ដោយ ឬការគិតគូរពីតុល្យភាពយុទ្ធសាស្ត្ររវាងចិននិងអាមេរិកក៏ដោយក៏សហភាពអឺរ៉ុបកំពុងពន្លឿនការឃ្លាតឆ្ងាយពីអាមេរិក បង្វែរទៅពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិនឱ្យកាន់តែស៊ីជម្រៅ ។ កិច្ចសហប្រតិបត្តិការបែបនេះ បើនិយាយចំពោះប្រទេសចិនគឺមានអត្ថប្រយោជន៍ ហើយគ្មានផលប៉ះពាលអីសោះ។ ប៉ុន្តែបើនិយាយចំពោះអាមេរិកវិញ វាគឺជាបរាជ័យខាងយុទ្ធសាស្ត្រយ៉ាងធ្ងន់ធ្ងរ។ រង្វង់មិត្តភក្តិរបស់ប្រទេសចិនកំពុងពង្រីកជាបន្តបន្ទាប់ ហើយការឡោមព័ទ្ធរបស់អាមេរិកកាន់តែតូចទៅៗ ការប៉ុនប៉ងរបស់អាមរិកក្នុងការទប់ស្កាត់ការងើបឡើងវិញរបស់ចិនមុខជានឹងទទួលបរាជ័យជាក់ជាមិនខាន!