រដ្ឋបាលរាជធានីភ្នំពេញ បើកកិច្ចប្រជុំ ត្រៀមរៀបចំកិច្ចប្រជុំរដ្ឋធានីអាស៊ាន
ភ្នំពេញ៖ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ រដ្ឋបាលរាជធានីភ្នំពេញ បើកកិច្ចប្រជុំដើម្បីពិនិត្យលើការងារ ដើម្បីរៀបចំឲ្យបានរួចរាល់ជាមុនកិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន [MGMAC 2022] និងវេទិកាអភិបាលក្រុងអាស៊ាន ឆ្នាំ២០២២ (ASEAN MAYORS FORUM 2022) ចាប់ផ្តើមនៅថ្ងៃទី២-៣ ខែធ្នូ ឆ្នាំ២០២២ខាងមុខនេះ ដែលសាលារាជធានីភ្នំពេញ ធ្វើជាម្ចាស់ផ្ទះ។
តាមការគូសបញ្ជាក់របស់លេខាធិការដ្ឋាន នៃកិច្ចប្រជុំខាងលើនេះ មានតំណាងទីក្រុង និងខេត្តចូលរួម ប្រមាណ៨០ទីក្រុង ក្នុងតំបន់អាស៊ាន និងក្រៅអាស៊ាន មានជាង៣០ទីក្រុងធំៗចូលរួម។
ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈកម្មការរៀបចំកិច្ចប្រជុំ បានគូសបញ្ជាក់ថា កិច្ចប្រជុំនេះ យើងរៀបចំក្នុងកម្រិតតូចជាងកិច្ចប្រជុំអន្តរសភា អាស៊ាន [AIPA] តែត្រូវយកទម្រង់ដូចកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការពារជាតិអាស៊ាន ដែលទើបបញ្ចប់ទៅថ្មីៗនេះ នៅខេត្តសៀមរាប។
ឯកឧត្ដមក៏បានបញ្ជាក់ថា ទោះបីយ៉ាងណាការពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ គឺនៅដដែលដូចកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ ក៏ដូចកិច្ចប្រជុំកំពូលពាក់ពន្ធ័ដែរ ព្រោះយើងក៏មានបទពិសោធន៍ ធ្វើបានល្អរួចមកហើយ។ វេទិកាអភិបាលក្រុងអាស៊ាន ឆ្នាំ២០២២នេះ មានគោលបំណងពង្រឹងកិច្ចសហការ តាមរយៈការជំរុញការងារទីក្រុងវៃឆ្លាតនិងមានចីរភាពប្រកបដោយបរិយាប័ន្ន ទៅតាមគន្លងប្រក្រតីភាពបែបថ្មី តាមគោលការណ៍អាស៊ានដើម្បីរួមគ្នា ធ្វើការដោះស្រាយនៅបញ្ហាប្រឈមទាំងអស់គ្នា។
រីឯកិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន [MGMAC 2022] ផ្តោតលើការជំរុញកិច្ចសហប្រតិបត្តិការដើម្បីទីក្រុងឆ្លាត និងមានចីរភាព។ វេទិកានេះ គឺសម្រាប់អភិបាលរាជធានី និងរដ្ឋធានីអាស៊ានទាំង១០ លើកឡើង និងពិភាក្សាអំពីបញ្ហាប្រឈមនៅក្នុងទីក្រុងនាពេលបច្ចុប្បន្ន និងអាចកើតមានឡើង ព្រមទាំងចែករំលែក ក៏ដូចជាទស្សនៈរបស់ពួកគាត់ ក្នុងការកសាងសហគមន៍របស់អាស៊ាន។។ប្រភព៖រដ្ឋបាល