ឯកឧត្តម នេត្រ ភក្ត្រា៖ ប៉មមើលទេសភាព អាចឲ្យភ្ញៀវទេសចរ មើលទេសភាពខេត្តកែប ពីលើកំពូលភ្នំ ពោរពេញ ដោយទេសភាពដ៏ល្អប្រណីត
ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងថា ជាមួយប៉មមើលទេសភាព ដែលសាងសង់ឡើងដោយក្រសួងបរិស្ថាន សម្រាប់ខេត្តកែបនឹងផ្តល់ឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ នូវឱកាសមើលទេសភាពខេត្តកែប ពីលើកំពូលភ្នំដែលពោរពេញ ដោយទេសភាពដ៏ល្អប្រណីត គឺលំហសមុទ្រ និងឆ្នេរ ប្រជុំកោះ និងសមុទ្រឈើខេត្តកែប ។
ក្នុងឱកាសអញ្ជើញសម្ពាធដាក់ឱ្យប្រើប្រាស់ ប៉មមើលទេសភាពមួយកន្លែង នៅក្នុងឧទ្យានជាតិកែប កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឯកឧត្តមរដ្ឋលេខាធិការ បានចាត់ទុកប៉មមើលទេសភាពនេះថា ជាសក្តានុពលថ្មីមួយទៀត របស់ឧទ្យានជាតិកែបក្នុងការទាក់ទាញ ភ្ញៀវទេសចរឱ្យមកកម្សាន្តនៅខេត្ត ដ៏ស្រស់ស្អាតតូចច្រឡឹងមួយនេះ។
ប៉មមើលទេសភាពកម្ពស់ ១២ ម៉ែត្រនេះស្ថិតបានសាងសង់ឡើងដោយចំណាយថវិកាដែលបានពីការលក់ឥណទានកាបូនស្ថិតក្នុងក្របខណ្ឌនៃការការពារនិងអភិរក្សធនធានធម្មជាតិ និងការជំរុញលើទេសចរណ៍ធម្មជាតិ។ ប៉មមើលទេស ភាពនេះគឺជាមធ្យោបាយកម្សាន្តមួយបន្ថែមទៀតសម្រាប់ភ្ញៀវទេសចរដែលមកទស្សនាឧទ្យានជាតិកែប បន្ថែមពីលើសម្រស់ធម្មជាតិ សត្វព្រៃ និងផ្លូវក្រវ៉ាត់ភ្នំដែលអាចដើរកម្សាន្ត និងហាត់ប្រាណរបស់មនុស្សទូទៅ។
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានគូសបញ្ជាក់ថា ខេត្តកែបគឺជាខេត្តតែមួយគត់របស់កម្ពុជាដែលមានឧទ្យានជាតិនៅកណ្តាលក្រុង និងមានការទាក់ទាញភ្ញៀវទេសចរ បន្ថែមលើមុខម្ហូបជាពិសេសគ្រឿងសមុទ្រដ៏មានឱជារសឆ្ងាញ់។
ឯកឧត្តមរដ្ឋលេខាធិការបានអំពាវនាវដល់ភ្ញៀវទេសចរជាតិនិងអន្តរជាតិអញ្ជើញទស្សនាឧទ្យានជាតិកែប និងទស្សនាទេសភាពខេត្តកែបពីលើប៉មមើលទេសភាពដែលទើបសម្ពាធដាក់ឱ្យប្រើប្រាស់នេះ។
ជាមួយគ្នានេះ ឯកឧត្តមបានស្នើឱ្យមន្ទីរបរិស្ថានខេត្តកែបដែលទទួលថែរក្សាក្នុងនាមរដ្ឋបាលខេត្តត្រូវយកចិត្តទុកដាក់ថែរក្សាការពារឱ្យបានល្អ និងត្រូវអនុវត្តវិធានការសុវត្ថិភាពនានាដើម្បីការពារសុវត្ថិភាពភ្ញៀវទេសចរជាតិនិងអន្តរជាតិឱ្យបានល្អបំផុត ៕