អភិបាលខេត្តបាត់ដំបង ណែនាំដល់រដ្ឋបាលក្រុងស្រុកទាំងអស់ កងកម្លាំងប្រដាប់អាវុធ បន្តធ្វើការបង្រ្កាបបទល្មើសនេសាទខុសច្បាប់ នៅក្នុងមូលដ្ឋានរបស់ខ្លួន
ភ្នំពេញ៖ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានណែនាំដល់រដ្ឋបាលក្រុងស្រុកទាំងអស់ កងកម្លាំងប្រដាប់អាវុធ បន្តធ្វើការបង្រ្កាបបទល្មើសនេសាទខុសច្បាប់ ដែលកើតមាននៅក្នុងមូលដ្ឋានរបស់ខ្លួន។
ឯកឧត្តម បានណែនាំបែបនេះ នៅក្នុងពេលដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង ប្រចាំខែវិច្ឆិកា ឆ្នាំ២០២២
នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២។
នៅក្នុងកិច្ចប្រជុំឯកឧត្តម សុខ លូ បានមានប្រសាសន៍ណែនាំដល់រដ្ឋបាលក្រុងស្រុកទាំងអស់ កងកម្លាំងប្រដាប់អាវុធ បន្តធ្វើការបង្រ្កាបបទល្មើសនេសាទខុសច្បាប់នានា ដែលកំពុងធ្វើសកម្មភាពនៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីកុំឱ្យបាត់បង់ធនធានដែលមាននៅក្នុងបឹងបួរ ស្ទឹង ឬទន្លេ ក្នុងនោះដែរត្រូវតែបន្តធ្វើការបង្រ្កាបបទល្មើស ល្បែងស៊ីសងខុសច្បាប់នានា ដោយត្រូវធ្វើការចុះបង្រ្កាបដូចភ្លៀងរលឹម មិនលែងដៃឡើយ ព្រោះបើសិនយើងធ្វើការបង្រ្កាបម្ដងហើយរួចឈប់បទល្មើសល្បែងស៊ីសង ខុសច្បាប់នៅតែបន្តកើតមានដដែល ។
ក្នុងនោះដែរ ឯកឧត្តមក៏បានធ្វើការណែនាំដល់ មេឃុំ ចៅសង្កាត់ទាំងអស់ សហការជាមួយមន្ទីរអង្គភាពពាក់ព័ន្ធ ធ្វើការចុះសម្ភាសន៍ និងស្វែងរកជនងាយរងគ្រោះបំផុត ដើម្បីធ្វើការផ្ដល់ជូនជាប័ណ្ណសមធម៌ជូនគាត់ដែលអាចចទទួលបានប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាលប្រចាំខែផងដែរហើយបន្តធ្វើការទប់ស្កាត់ការដឹកអីវ៉ាន់សំពីងសំពោង នៅតាមដងផ្លូវសាធារណៈ ដែលបង្កឱ្យមានគ្រោះថ្នាក់នៅតាមដងផ្លូវជាយថាហេតុផង និងធ្វើឱ្យខូចផ្លូវថ្នល់ផងដែរ ដោយសារការដឹកទំនិញលើសចំណុះបែបនេះ និងត្រូវបន្តធ្វើការរៀបចំអនាម័យបរិស្ថាននៅតាមសាធារណៈ ដោយត្រូវធ្វើការស្វែងរកទីធ្លាទំនេរសម្រាប់រៀបចំទុកដាក់សំរាមឱ្យមានរបៀបរៀបរយ នៅតាមស្រុកទាំង១៤រៀងៗខ្លួន និងធ្វើការអប់រំណែនាំដល់ប្រជាពលរដ្ឋឱ្យមានការយល់ដឹងអំពីអនាម័យបរិស្ថាន អំពីរបៀបទុកដាក់សំរាមឱ្យមានសណ្ដាប់ធ្នាប់ ។
ឯកឧត្តមបានបន្តថា ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំសកលខាងមុខនេះ រដ្ឋបាលខេត្តបាត់ដំបង គ្រោងនឹងធ្វើការរៀបចំពិពរណ៌ម្ហូបអាហារនិងក្នុងគោលបំណងដើម្បី ដាក់តាំងបង្ហាញពីស្នាដៃម្ហូបអាហារដែលជាស្នាដៃកូនខ្មែរផង និងបង្ហាញអំពីម្ហូបអាហារប្រចាំខេត្តបាត់ដំបងជូនសាធារណជនឱ្យបានស្គាល់បានភ្លក់អំពីមុខម្ហូប សំខាន់ៗដែលមាននៅក្នុងខេត្តបាត់ដំបង ក៏ដូចជាធ្វើការផ្សព្វផ្សាយអំពីមុខម្ហូបនៅខេត្តបាត់ដំបងដល់ភ្ញៀវជាតិ និងអន្តរជាតិដែលមកលេងកំសាន្តផងដែរ៕