ឯកឧត្តម គន់ គីម អញ្ជើញបញ្ចុះបឋមសិលាសាងសង់ទីស្នាក់ការ សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តបន្ទាយមានជ័យ
ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន ជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតី ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ទីស្នាក់ការ សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តបន្ទាយមានជ័យ ដែលមានទីតាំងភូមិពង្រ (ផ្លូវទៅឃុំចង្ហា ស្រុកអូរជ្រៅ) ស្ថិតនៅសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ដែលជាទីស្នាក់ការដំបូង នៅក្នុងរាជធានី-ខេត្តទាំង២៥ទូទាំងប្រទេស ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហា សេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងសំណេះសំណាលជាមួយអតីតយុទ្ធជន ចំនួន២០០នាក់។
មានមតិសំណេះសំណាល ឱកាសនោះឯកឧត្តម គន់ គីម បានលើកឡើងថា ៖ សុខទុក្ខរបស់បងប្អូនអតីតយុទ្ធជន គឺជាកាតព្វកិច្ចរបស់ថ្នាក់ដឹកនាំពិសេសប្រមុខរដ្ឋាភិបាលកម្ពុជា តែងតែមានការយកចិត្តទុកដាក់ទំនុកបម្រុងឆ្លើយតបទៅនឹងគុណបំណាច់ដ៏ធំធេងមិនអាចកាត់ថ្លៃបានរបស់អតីតយុទ្ធជន ដែលបានលះបង់គ្រប់បែបយ៉ាងក្នុងបុព្វហេតុការពារប្រទេសជាតិមាតុភូមិ។ ក្រោយពីប្រទេសជាតិមានសុខសន្តិភាពពេញលេញ ក្រោមម្លប់នៃសន្តិភាព ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកបងប្អូនអតីតយុទ្ធជន គឺជាវរៈជនដ៏អង់អាចអង់អាចក្លាហាន ដែលបានបន្សល់ទុកនូវស្នាដៃជាច្រើនជូនជាតិ មាតុភូមិកម្ពុជា។ ជាមួយគុណបំណាច់ដែលមិនអាចកាត់ថ្លៃបាន សម្តេចបានដាក់ចេញគោលនយោបាយឧបត្ថម្ភសាច់ប្រាក់ជូនដល់អតីតយុទ្ធជនដែលបាត់បង់សមត្ថភាព ពិការ ផ្តល់ជូននូវលំនៅឋាន ដីកសិកម្ម ដើម្បីបង្កបង្កើនផលចិញ្ចឹមគ្រួសារ។
ឯកឧត្តម គន់ គីម បានគូសបញ្ជាក់ទៀតថា ៖ ក្រោយពីប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយយុទ្ធសាស្ត្រចតុកោណ ជួយដល់បងប្អូនអតីតយុទ្ធជន បានធ្វើឱ្យជីវភាពរបស់អតីតយុទ្ធជនមានភាពល្អប្រសើរឡើង។
សូមបញ្ជាក់ថា ៖ ទីតាំងស្នាក់ការមានផ្ទៃដី ចំនួន៤ហិកតា គឺជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និង សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន កសាងដោយ អ្នកឧកញ៉ា បណ្ឌិត ម៉ម វណ្ណឌី ដែលមានអគារទីស្នាក់ការសមគមអតីតយុទ្ធជនចំនួន ០១ខ្នង ,ឃ្លាំងសម្ភារ: ចំនួន ២ កន្លែង ,អគារបណ្តុះបណ្តាលវិជ្ជាជីវ, អគារស្នាក់នៅ, កន្លែងធ្វើជើង ឬ ដៃសិប្បនិមិត្ត,ស្រះចិញ្ចឹត្រីផងដែរ៕