នាយករដ្ឋមន្ត្រីកម្ពុជា៖ ការឈ្នះចាញ់ពីការប្រកួតកីឡា ជាមេរៀននិងបទពិសោធន៍ ក្នុងការពង្រឹងសមត្ថភាពឲ្យកាន់តែប្រសើរ ដើម្បីលើកកម្ពស់ជំនាញ វិជ្ជាជីវៈកីឡាបន្ថែមទៀត
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងរំលឹកដល់ក្មួយៗកីឡាករ-កីឡាការិនីថា ការឈ្នះចាញ់ពីការប្រកួតកីឡា គឺជាមេរៀននិងបទពិសោធន៍ សម្រាប់ក្មួយៗ ក្នុងការពង្រឹងសមត្ថភាពរបស់ខ្លួនឱ្យកាន់តែប្រសើរ ដើម្បីលើកកម្ពស់ជំនាញវិជ្ជាជីវៈកីឡាបន្ថែមទៀត ។
ក្នុងឱកាសអញ្ជើញបិទការប្រកួតកីឡាជាតិ លើកទី៣ និងកីឡាជនពិការជាតិ លើកទី១ នៅពហុកីឡដ្ឋានជាតិមរតកតេជោ នាថ្ងៃទី៣០ វិច្ឆិកា សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ផ្ទុយទៅវិញ ការអាក់អន់ចិត្ត ឬ ការបាក់ទឹកចិត្តដោយសារការចាញ់ក្នុងការ ប្រកួតអាចធ្វើឱ្យក្មួយៗបាត់បង់ នូវការតស៊ូនិងការខិតខំប្រឹងប្រែង បន្តដើម្បីយកឈ្នះ ក្នុងការប្រកួតនៅពេលអនាគត។
ចំពោះអ្នកឈ្នះត្រូវបន្តការខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីរក្សាគុណផលកីឡារបស់ខ្លួនសម្រាប់ឈានដល់ការដណ្តើម បានជ័យជំនះជូនជាតិមាតុភូមិក្នុងការប្រកួតកម្រិតអន្តរជាតិ ៕