ឯកឧត្តម នេត្រ ភក្ត្រា ដឹកនាំកិច្ចប្រជុំក្រុមការងារទី១០ ទាក់ទងនឹងការវាយតម្លៃភាព គំរាមកំហែងនៃបទល្មើសបរិស្ថាន
ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ បានដឹកនាំកិច្ចប្រជុំក្រុមការងារទី១០ ទាក់ទងនឹងការវាយតម្លៃភាព គំរាមកំហែងនៃបទល្មើសបរិស្ថាននៃអនុគណៈកម្មាធិការវាយតម្លៃហានិភ័យថ្នាក់ជាតិ ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ដោយមានការអញ្ជើញចូលរួមពីសមាជិក សមាជិកាក្រុមការងារអន្តរក្រសួងដែលរួមមានតំណាងពីក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងរ៉ែ និងថាមពល ក្រសួងធនធានទឹកនិងឧតុនិយម ក្រសួងយុត្តិធម៌ អគ្គនាយកដ្ឋានគយ អង្គភាពប្រឆាំងអំពើពុករលួយ អង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា និងមន្ត្រីជំនាញពាក់ព័ន្ធ។
កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងសម្របសម្រួល សហការពិនិត្យ និងវាយតម្លៃ ដើម្បីកំណត់ពីហានិភ័យនៃការសម្អាតប្រាក់និងហិរញ្ញប្បទានភេវរកម្មដែលកើតចេញពីបទល្មើសព្រៃឈើ សត្វព្រៃ ធនធានជលផល ធនធានរ៉ែ និងការដឹកជញ្ជូនកាកសំណល់ផ្សេងៗដោយគ្មានការអនុញ្ញាត។
ផ្អែកលើការកំណត់នូវហានិភ័យទាំងនេះ ក្រុមការងារនឹងបន្តលើកជាសំណើវិធានការ និងសកម្មភាពទប់ស្កាត់ ដែលនឹងត្រូវស្នើឡើងក្នុងយុទ្ធសាស្ត្រជាតិស្តីពីការប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្មនាពេលខាងមុខ ៕