ឧត្តមសេនីយ៍ឯក ខឹមជា សាឃឿន ដឹកនាំប្រជុំបូកសរុបលទ្ធផលការងារ សកម្មភាពបោសសម្អាតមីន កងទ័ពជើងគោក និងផ្សព្វផ្សាយផែនការបោសសម្អាតមីនជំហានទី២ ក្នុងភូមិសាស្ត្រស្រុកភ្នំស្រួច
ភ្នំពេញ៖ នាថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២ នៅបន្ទប់ប្រជុំទីបញ្ជាការកងទ័ពជើងគោក បានដំណើរការប្រជុំបូកសរុបលទ្ធផលការងារសកម្មភាពបោសសម្អាតមីន យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងកាកសំណល់សង្គ្រាមជំហានទី២ និងផ្សព្វផ្សាយផែនការបន្ត របស់កងអនុសេនាតូចបោសសម្អាតមីនទាំង ១៦កង ក្នុងភូមិសាស្ត្រ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ស្ថិតក្រោមអធិបតីភាព ឧត្តមសេនីយ៍ឯក ខឹមជា សាឃឿន មេបញ្ជាការរង នាយសេនាធិការ កងទ័ពជើងគោក និងជាអនុប្រធាន គណៈកម្ម្មការគ្រប់គ្រងសកម្មភាពបោសសម្អាតមីន យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងកាកសំណល់សង្គ្រាមកងទ័ពជើងគោក។
ព្រមទាំងវត្តមានចូលរួមពីសំណាក់ អនុគណៈកម្មការមីនយោធភូមិភាគ និងក្រុមការងារមីនរបស់អង្គភាពបញ្ជាការដ្ឋានកងទ័ពជើងគោកផងដែរ ។
នៅក្នុងរបាយការណ៍ លទ្ធផលការងារសកម្មភាពបោសសម្អាតមីន យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងកាកសំណល់សង្គ្រាមជំហានទី២ របស់កងអនុសេនាតូចបោសសម្អាតមីនទាំង ១៦កង ចាប់ផ្តើមអនុវត្តពីថ្ងៃទី០៨ ខែតុលា រហូតដល់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ ក្នុងភូមិសាស្ត្រ. ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ រួមមាន៖ ឃុំត្រែងត្រយឹង ឃុំដំបូករូង ឃុំជាំសង្កែ និងឃុំព្រៃក្មេង សរុបបានបោសសម្អាតរំដោះបានផ្ទៃដីទំហំ ៨,៤៦៤,៩៤៩ ម៉ែត្រក្រឡា លើផែនការ ២៤,៩៤៤,៤៥១ម៉ែត្រក្រឡា ស្មើនឹង ៣៣,៩៣ភាគរយ នៅសល់ទំហំដី ១៦,៤៧៩,៥០២ម៉ែត្រក្រឡា ស្មើនឹង៦៦,០៧ភាគរយ ។ រុករកឃើញមីនប្រឆាំងមនុស្សចំនួន ២២គ្រាប់ យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះចំនួន ៧១គ្រាប់ អំបែកគ្រាប់គ្រប់ប្រភេទចំនួន ១៤,៣១៥ បំណែក ។ ប្រើប្រាស់កម្លាំងសរុប ៤២១នាក់ បំពាក់ដោយសម្ភារៈប្រើប្រាស់រួមមាន រថយន្ត ម៉ាស៊ីនរាវមីន អាវការពារ មួកសុវត្ថិភាព សម្ភារ: ឈុតKit តង់ គ្រែ និងសម្ភារៈប្រើប្រាស់បម្រើលើការងារបោសសម្អាតមីនជាច្រើនទៀត ។
អង្គប្រជុំក៏បានដាក់ចេញនូវផែនការរងារអនុវត្តបន្តសកម្មភាពបោសសម្អាតមីន យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងកាកសំណល់សង្គ្រាមជំហានទី២ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ។
មានប្រសាសន៍បូកសរុបអង្គប្រជុំ ឧត្តមសេនីយ៍ឯក ខឹមជា សាឃឿន បានថ្លែងអំណរគុណដល់គណៈកម្មការគ្រប់គ្រងសកម្មភាពបោសសម្អាតមីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងកាកសំណល់សង្គ្រាមកងទ័ពជើងគោក និងកងកម្លាំងកងប្រតិបត្តិការទាំង ១៦កង បានចូលរួម និងអនុវត្តន៍ផែនការយុទ្ធសាស្ត្រជាតិដ៏មានសារៈសំខាន់ របស់រាជរដ្ឋាភិបាល និងបទបញ្ជា មេបញ្ជាការកងទ័ពជើងគោក ក្នុងការចូលរួមអនុវត្តន៍ផែនការយុទ្ធសាស្ត្រជាតិ បោសសម្អាតមីន មនុស្សធម៌ក្នុងគម្រោង សម្តេចតេជោ សម្រាប់សកម្មភាពមីន ក្រោមមូលបទ « ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញ៉ឹម» ដោយមានការសហការយ៉ាងជិតស្និទ្ធជាមួយអជ្ញាធរមីន អង្គភាពCMAC និងអង្គភាពNPMEC ។
ឧត្តមសេនីយ៍ឯក ខឹមជា សាឃឿន បន្តជំរុញលើកទឹកចិត្តដល់បណ្តាកងអនុសេនាតូចបោសសម្អាតមីនទាំង ១៦កង ត្រូវខិតខំបំពេញភារកិច្ចរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព ក្នុងស្មារតីទទួលខុសត្រូវខ្ពស់បំផុត និងឈានទៅសម្រេចគោលដៅដែលថ្នាក់លើប្រគល់ជូនសម្រេចតាមផែនការដែលបានដាក់ចេញ ៕