ឯកឧត្ដម ហេង រតនា អបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៤ ទិវាកំណើត “រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា”
ភ្នំពេញ៖ ឯកឧត្ដម ហេង រតនា អគ្គនាយកស៊ីម៉ាក់ បានចូលរួមអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៤ ទិវាកំណើត “រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា”។
នៅថ្ងៃនេះគឺជាថ្ងៃខួបអនុស្សាវរីយ៍លើកទី៤៤ ទិវាកំណើត “រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា” ២ ធ្នូ ១៩៧៨-២ ធ្នូ ២០២២ ។ ថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ ជាថ្ងៃបង្កើតចលនាមហាជនស្នេហាជាតិ ឈ្មោះថា “រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា” ដែលក្រោយមកបានប្តូរឈ្មោះជា “រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា” នៅតំបន់រំដោះ ក្នុងភូមិជើងឃ្លូ ឃុំ២ធ្នូ ស្រុកស្នូល ខេត្តក្រចេះ ។
រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ត្រូវបានកើតឡើងដោយកម្លាំងមហាសាមគ្គីប្រជាជនទាំងមូល ទាំងក្នុង និងក្រៅប្រទេស ដែលមាន(កាលនោះ៤៤ឆ្នាំមុន) សមមិត្ត ហេង សំរិន សមមិត្ត ជា ស៊ីម សមមិត្ត ហ៊ុន សែន និងវីរជនស្នេហាជាតិជាច្រើរូបទៀត ក្នុងការរៀបចំកម្លាំងដើម្បីផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ។
ក្រោមការអំពាវនាវរបស់ថ្នាក់ដឹកនាំខាងលេី ប្រជាជនគ្រប់ទិសទីបានក្រោកឈររួបរួមគ្នាជាកម្លាំងមហាសាមគ្គីជាតិ និងដោយបានទទួលការជួយឧបត្ថម្ភយ៉ាងធំធេងពីប្រទេសជាមិត្ត ជិតឆ្ងាយលើសកលលោក បានផ្ដួលរំលំរបបកម្ពុជាប្រជាធិបតេយ្យ រហូតដល់ទទួលបានជ័យជម្នះដ៏ត្រចះត្រចង់ នាថ្ងៃ៧ មករា ១៩៧៩៕