បទវិភាគ៖ពីពិធីលៀងសាយភោជន៍នៅវិមាន Elysee ដល់ពិធីជប់លៀងរដ្ឋនៅសេតវិមាន អឺរ៉ុបបានឃើញកាន់តែច្បាស់នូវចេតនារបស់អាមេរិក
ថ្ងៃទី ២ ខែធ្នូ តាមម៉ោងក្នុងតំបន់ លោក Macron ប្រធានាធិបតីបារាំងបានបញ្ចប់ដំណើរទស្សនៈកិច្ចនៅអាមេរិករយៈពេល៣ ថ្ងៃ ។ ដំណើរទស្សនៈកិច្ចនៅអាមេរិករបស់លោក Macronដែលប៉ិនប្រសប់ធ្វើការផ្សះផ្សារនិងកិច្ចសម្របសម្រួល គឺក្នុងគោលបំណងធ្វើឱ្យ «សេចក្តីព្រាងច្បាប់ស្តីពីការកាត់បន្ថយអតិផរណា»របស់អាមេរិកអាចលើកលែងសហគ្រាសអឺរ៉ុប ។ ប៉ុន្តែ ទីបំផុត លោកបានត្រឡប់ទៅបារាំងវិញដោយបរាជ័យ និងធ្វើឱ្យទំនាក់ទំនងរវាងអាមេរិកនិងអឺរ៉ុបមានភាពកាន់តែប្រេះស្រាំ ។
ដើម្បីទទួលភ្ញៀវបារាំងដែលជាសម័្ពន្ធមិត្ត “ចាស់ជាងគេ” អាមេរិកបានរៀបចំបដិសណ្ឋារកិច្ចចំពោះលោក Macron និងភរិយារបស់លោក នៅវិមាន Blair ដែលជាសណ្ឋាគារដ៏ល្អប្រណីតជាងសេតវិមាន ហើយក៏បានរៀបចំកម្មវិធីដ៏សម្បូរបែបលើវិស័យនយោបាយ សេដ្ឋកិច្ចនិងវប្បធម៌ជាដើម ប៉ុន្តែពិធីបដិសណ្ឋារកិច្ចយ៉ាងឱឡារិកប៉ុនណា ក៏មិនអាចលាក់បាំងពីភាពប្រេះស្រាំរវាងភាគីទាំងពីរនោះឡើយ ។
សូមបញ្ជាក់ថា ខែសីហាឆ្នាំនេះ លោក បៃដិន ប្រធានាធិបតីអាមេរិកបានចុះហត្ថលេខាលើ «សេចក្តីព្រាងច្បាប់ស្តីពីការកាត់បន្ថយអតិផរណា» ដោយដាក់ចេញវិធានការរំញោចសេដ្ឋកិច្ចជាច្រើន ក្នុងនោះបូករួមទាំងផ្តល់ប្រាក់ឧបត្ថម្ភយ៉ាងច្រើនសម្បើម ដើម្បីជំរុញការផលិតនិងប្រើប្រាស់ក្នុងស្រុកអាមេរិកនូវរថយន្តដើរដោយថាមពលអគ្គិសនី និងបច្ចេកទេសបៃតងផ្សេងទៀត ។ ប្រការនេះធ្វើឱ្យប្រទេសអឺរ៉ុបមិនពេញចិត្តយ៉ាងខ្លាំង ។ ពួកគេសម្គាល់ឃើញថា សេចក្តីព្រាងច្បាប់នេះបូករួមទាំងគោលនយោបាយការពារនិយមខាងពាណិជ្ជកម្ម ដែលបានល្មើសនឹងក្បួនច្បាប់នៃអង្គការពាណិជ្ជកម្មពិភពលោក នឹងបណ្តាលឱ្យផលិតកម្មរបស់ឧស្សាហកម្មអឺរ៉ុបថមថយចុះ ក៏ដូចជាបង្ខំឱ្យសហគ្រាសអឺរ៉ុបផ្ទេរខ្សែសង្វាក់ផលិតកម្មទៅកាន់អាមេរិក ។
ដើម្បីការពារផលប្រយោជន៍របស់អឺរ៉ុប ប៉ុន្មានថ្ងៃមុននឹងធ្វើដំណើរទស្សនៈកិច្ច លោក Macron បានរៀបចំពិធីបដិសណ្ឋារកិច្ចនៅវិមាន Elysee ចំពោះសហគ្រិនអឺរ៉ុបជាច្រើន ក្នុងន័យនិយាយបញ្ចុះបញ្ចូលឱ្យពួកគេរក្សាទុកខ្សែសង្វាក់ផលិតកម្មនៅអឺរ៉ុប ។នៅថ្ងៃដំបូងដែលលោកធ្វើដំណើរទៅដល់អាមេរិក លោក Macron ក៏បានចាប់ផ្តើមធ្វើកិច្ចខិតខំប្រឹងប្រែងយ៉ាងពេញទំហឹង ដោយបានរិះគន់ថា «សេចក្តីព្រាងច្បាប់ស្តីពីការកាត់បន្ថយអតិផរណា» មាន “លក្ខណៈវាយប្រហារយ៉ាងខ្លាំង”ទៅលើសហគ្រាសអឺរ៉ុប ។ ប៉ុន្តែប្រឈមនឹងការទាមទាររបស់លោក Macron លោក បៃដិនប្រធានាធិបតីអាមេរិក បែរជាប្រកាសថា អាមេរិកមិនបាច់សូមទោសចំពោះអឺរ៉ុបទេ តែអាចធ្វើ “កិច្ចសម្របសម្រួលខ្លះ” ប៉ុន្តែ លោកមិនបានបញ្ជាក់ពីវិធានការជាក់ស្តែងនោះទេ ។
រដ្ឋាភិបាលរបស់លោក បៃដិន បានចំណាយប្រាក់ ៥សែនដុល្លារអាមេរិកក្នុងការរៀបចំពិធីជប់លៀងរដ្ឋជាលើកដំបូងតាំងពីលោក បៃដិន ឡើងកាន់មុខតំណែងមក ដើម្បីទទួលលោក Macron គឺជាទង្វើលួងលោមចិត្តផង ហើយក៏ជាទង្វើអូសទាញផង ។ ប៉ុន្តែ បើនិយាយចំពោះលោក Macron និងអ្នកដឹកនាំអឺរ៉ុបុផ្សេងទៀត គ្រឿងប្រាក់ដែលមានភ្លឹបភ្លែត និងទឹកមុខញញឹម មិនអាចបិទបាំងការពិតជាក់ស្តែងនោះទេ ពោលគឺ៖ អាមេរិកមិនដែលចាត់ទុកអឺរ៉ុបជាសម័្ពន្ធមិត្តពិតប្រាកដទេ គ្រាន់តែចាត់ទុកអឺរ៉ុបជាអ្នកទទួលទោសជំនួស និងឧបករណ៍មួយសម្រាប់រក្សាអនុត្តរភាពបែបអាមេរិកតែប៉ុណ្ណោះ ។
មុននឹងលោក Macron បំពេញទស្សនៈកិច្ចនៅអាមេរិក កាសែត « Politico»របស់អាមេរិកបានព្យាករណ៍ថា បើសិនជាអាមេរិកមិនអាចឈានដល់គោលជំហរបន្ធូរបន្ថយជាមួយបារាំងអំពីការខ្វែងគំនិតរវាងអាមេរិកនិងអឺរ៉ុបស្តីពីប្រាក់ឧបត្ថម្ភពាណិជ្ជកម្ម នោះសង្រ្គាមពាណិជ្ជកម្មអន្តរមហាសមុទ្រអាត្លង់ទិក គឺមិនអាចចៀសវាងបានឡើយ ។ ពីពិធីលៀងសាយភោជន៍នៅវិមាន Elysee ដល់ពិធីជប់លៀងរដ្ឋនៅសេតវិមាន អឺរ៉ុបបានមើលឃើញកាន់តែច្បាស់នូវចេតនារបស់អាមេរិក ហើយជំហានស្វែងរកភាពម្ចាស់ការខាងយុទ្ធសាស្ត្ររបស់អឺរ៉ុប សូម្បីតែមួយភ្លែតក៏មិនអាចបញ្ឈប់ទេ ៕