ព្រឹត្តិការណ៍រំលឹកគុណអង្គរ រយៈពេល៣ថ្ងៃ នឹងចាប់ផ្តើមពីថ្ងៃទី១៤ រហូតដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២
ភ្នំពេញ៖ ឯកឧត្តម ឡុង កុសល អគ្គនាយករងអាជ្ញាធរជាតិអប្សរាបានឱ្យដឹងថា តាមការគ្រោងទុកពិធីរំលឹកគុណអង្គរ ចំនួន៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ដល់ទី១៦ ខែធ្នូ ឆ្នាំ២០២២ ដែលមានកម្មវិធីសាសនា ស្ដង់ពិព័ណ៌ និងការសម្ដែងសិល្បៈបុរាណនៅពេលរាត្រី។
ដោយចាប់ផ្តើមនៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ ពិធីបួងសួងព្រឹត្តិការណ៍រំលឹកគុណអង្គរ នៅបរិវេណមុខប្រាសាទអង្គរវត្ត នឹងប្រព្រឹត្តទៅក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ លោកជំទាវ កិតិ្តសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា ថ្នាក់ដឹកនាំខេត្តសៀមរាប ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា តំណាងអង្គការយូណេស្គូប្រចាំកម្ពុជា មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ ភ្ញៀវទេសចរជាតិនិងភ្ញៀវអន្តរជាតិ។ នៅព្រឹកថ្ងៃនោះដែរបន្ទាប់ពីកម្មវិធីបួងសួង ក៏មានពិធីរាប់បាតព្រះសង្ឃចំនួន១៣០អង្គផងដែរ។
ឯកឧត្តម ឡុង កុសល បានឱ្យដឹងទៀតថា នៅថ្ងៃបន្តបន្ទាប់ក៏មាននូវទស្សនីយភាពជាច្រើនដូចជា កម្មវិធីបែបសាសនាសំខាន់ៗ ការតាំងពិព័ណ៌បង្ហាញសមិទ្ធផលការងាររយ:ពេល៣០ឆ្នាំកន្លងមករបស់អាជ្ញាធរជាតិអប្សរា ស្នាដៃសិល្បៈជាច្រើនដែលបានចុះក្នុងបញ្ជីបេតិកភណ្ឌអរូបីនៃអង្គការយូណេស្កូ ការសម្តែងអាយ៉ៃឆ្លើយឆ្លងដោយលោក ព្រហ្ម ម៉ាញ ព្រមទាំងការចាក់បញ្ចាំងភាពយន្តអំពីអង្គរជាដើម។ រាល់កម្មវិធីសាសនា សិល្បៈទស្សនីយភាពទាំងអស់នឹងបើកជាសាធារណៈចូលទស្សនាដោយពុំមានបង់ប្រាក់នោះទេ។ អាស្រ័យដូចនេះ សូមបងប្អូនសាធារណជនអញ្ជើញចូលរួមឲ្យបានច្រើនកុះករ។
សូមជម្រាបដែរថា នេះជាឆ្នាំទីពីរហើយ ដែលអាជ្ញាធរជាតិអប្សរាបានរៀបព្រឹតិ្តការណ៍រំលឹកគុណអង្គរនេះ។ ព្រឹត្តិការណ៍នេះ រៀបចំឡើងក្នុងគោលបំណងដើម្បីរំលឹកគុណអង្គព្រះមហាក្សត្រគ្រប់ព្រះអង្គ និងបុព្វការីជនដែលលោកបានកសាង និងថែរក្សាប្រាសាទទាំងអស់នៅក្នុងរមណីយដ្ឋានអង្គរ ដោយបានផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ជាតិមាតុភូមិតាំងពីដើមរហូតដល់សព្វថ្ងៃ៕