សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមគោរពវិញ្ញាណក្ខន្ធអតីតប្រធានាធិបតីចិន
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២នេះ បានអញ្ជើញដឹកនាំគណៈប្រតិភូនៃរាជរដ្ឋាភិបាលកម្ពុជា ចូលរួមគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម ជាំង ជឺមីន (Jiang Zemin)
អតីតប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានទទួលមរណភាពកាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២។ ពិធីគោរពវិញ្ញាណក្ខន្ធនេះ ប្រព្រឹត្តទៅនៅស្ថានទូតចិន ប្រចាំនៅកម្ពុជា។
ស្ថិតក្នុងសមានទុក្ខដ៏ក្រៀមក្រំនោះ សម្ដេចតេជោ ហ៊ុន សែន បានប្រគល់ជូនឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិន នូវសារលិខិតរំលែកមរណទុក្ខរបស់សម្តេចចំពោះ ឯកឧត្តម ជាំង ជឺមីន (Jiang Zemin) អតីតប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន។
រាជរដ្ឋាភិបាលកម្ពុជា សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធឯកឧត្តម ជាំង ជឺមីន បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕