នៅសាកលវិទ្យាល័យការពារជាតិនៃកម្ពុជា មានរៀបចំបាឋកថាស្តីពីទំនើបកម្មសង្គមនិយមតាមបែបផែនចិន ដែលបានផ្តល់ពន្លឺពុទ្ធិកាន់តែច្បាស់ដល់ការយល់ដឹងកាន់តែស៊ីជម្រៅពីសិទ្ធិមនុស្សនិងជីវភាពរស់នៅប្រកបដោយសុភមង្គលរបស់ប្រជាជនចិន
នាព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២ នៅសាកលវិទ្យាល័យការពារជាតិ មានរៀបចំកម្មវិធីបាឋកថាស្តីពីទំនើបកម្មសង្គមនិយមតាមបែបផែនចិន។
ថ្លែងទៅកាន់ថ្នាក់ដឹកនាំ យោធាចារ្យ និស្សិត នៃសាកលវិទ្យាល័យការពារជាតិចំនួន២០០រូប លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិនបានគូសបញ្ជាក់ពីសមិទ្ធផលនៃសមាជលើកទី២០របស់បក្សកុម្មុយនិស្តចិន ដោយផ្តោតលើទស្សនៈស្តីពី ទំនើបកម្មសង្គមនិយមតាមបែបផែនចិន។
លោកបានផ្តល់នូវទឡ្ហីករណ៍តាមរយៈ ខ្លឹមសារដែលបានដកស្រង់ចេញពីសៀវភៅ Xi Jinping ៖ អភិបាលកិច្ចប្រទេសចិន ភាគ៤ ដោយបង្ហាញពីការធ្វើទំនើបកម្មសង្គមនិយមតាមបែបផែនចិន ដែលជាសង្គមនិយមទំនើបដែលដឹកនាំដោយបក្សកុម្មុយនីស្តចិនដែលមានលក្ខណៈពិសេសនៃការរួមបញ្ចូលនូវបទពិសោធធ្វើទំនើបកម្មនៃបណ្តាប្រទេសនានាជាមួយលក្ខណៈពិសេសផ្ទាល់ខ្លួនរបស់ចិន។
លោកបណ្ឌិតបានពន្យល់និងបកស្រាយនូវចម្ងល់របស់អង្គពិធីយ៉ាងលម្អិតថា គ្មានប្រព័ន្ធនយោបាយណាលើផែនដីដែលមានលក្ខណៈដូចគ្នាបេះបិទ ហើយគ្មានគំរូណាដែលអាចត្រូវនឹងប្រព័ន្ធនយោបាយគ្រប់ប្រទេសនោះឡើយ។ ប្រជាពលរដ្ឋចិនទទួលស្គាល់ថាវាជាលក្ខណៈធម្មជាតិដែលរបស់នីមួយៗមានលក្ខណៈខុសៗគ្នា។ ភាពរឹងមាំនៃប្រព័ន្ធនយោបាយសង្គមនិយមចិនដែលមានលក្ខណៈពិសេសចិនមានដំណើរការពោរពេញទៅដោយថាមពល ភាពរឹងមាំ និងប្រសិទ្ធភាពទាំងនៅអតីតកាល និងបច្ចុប្បន្ន។ វាបានរីកចម្រើននៅលើទឹកដីចិន។ នៅពេលអនាគត វានឹងបន្តលូតលាស់ ហើយចាក់ឫសយ៉ាងជ្រៅនៅក្នុងទឹកដីនេះផងដែរ។ ទំនើបកម្មបែបផែនប្រទេសចិនមានបង្កប់នូវលក្ខណៈពិសេសមួយនោះគឺ «វិបុលភាពរួម»។ ប្រទេសចិននឹងបើកទូលាយក្នុងកម្រិតកាន់តែខ្ពស់ ដើម្បីចែករំលែកឱកាសទីផ្សារកាន់តែច្រើនដល់ពិភពលោក។ ទំនើបកម្មសង្គមនិយមតាមបែបផែនចិនគឺជាការធ្វើទំនើបកម្មដែលគ្របដណ្តប់លើទ្រង់ទ្រាយប្រជាជនដ៏ធំសម្បើម ជាការធ្វើទំនើបកម្មដែលប្រជាជនទាំងមូលសុទ្ធតែទទួលបានជីវភាពរស់នៅប្រកបដោយវិបុលភាព ជាការធ្វើទំនើបកម្មដែលអរិយធម៌ខាង សម្ភារៈនិងអរិយធម៌ខាងវិញ្ញាណមានភាពចុះសម្រុងគ្នា ជាការធ្វើទំនើបកម្មដែលមនុស្សជាតិនិងធម្មជាតិរួមរស់នៅដោយសុខដុមរមនា និងជាការធ្វើទំនើបកម្មដែលដើរតាមមាគ៌ាអភិវឌ្ឍន៍ដោយសន្តិភាព។
ក្នុងនាមជាអ្នកដែលបានអានយ៉ាងយកចិត្តទុកដាក់នូវសៀវភៅ Xi Jinping អភិបាលកិច្ចប្រទេសចិន តាំងពីភាគទី១ដល់ភាគទី៤ ហើយក៏ជាអ្នកដែលតាមដានព័ត៌មានពីសមាជលើកទី២០របស់បក្សកុម្មុយនិស្តចិន ឯកឧត្តម ឧត្តមសេនីយ៍ឯក វ៉ា មុនី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យការពារជាតិនិងជានាយកមជ្ឈមណ្ឌលបណ្តុះបណ្តាល បានឯកភាពតាមខ្លឹមសារនៃទំនើបកម្មសង្គមនិយមតាមបែបផែនចិន ដោយបានកត់សម្គាល់ថា ចាប់ពីការសម្រេចគោលដៅចេញផុតពីភាពក្រីក្រ សម្រេចជីវភាពធូរធារបង្គួរដោយគ្រប់ជ្រុងជ្រោយ រហូតដល់សិទ្ធិសេដ្ឋកិច្ច សង្គមនិងវប្បធម៌របស់ប្រជាជានត្រូវបានធានាដោយមានប្រសិទ្ធភាព។
ដោយឡែកក្នុងឱកាសទិវាអន្តរជាតិសិទ្ធិមនុស្ស ឯកឧត្តមក៏បានគូសរំលេចផងដែរថា នៅក្នុងប្រទេសចិន ការធានាសិទ្ធិមនុស្សមិនមែននិយាយបានតែមាត់ទេ តែគឺអនុវត្តជាក់ស្តែងនូវកិច្ចការពាក់ព័ន្ធជីវភាពរស់នៅរបស់ប្រជាជនចិន។ បក្សកុម្មុយនិស្តចិនជាអ្នកជំរុញយ៉ាងសកម្មនិងជាអ្នកគាំពារយ៉ាងមុតមាំនៃកិច្ចការសិទ្ធិមនុស្ស ដែលបាននិងកំពុងខិតខំប្រឹងប្រែងដើម្បីឱ្យប្រជាជនចំនួនជិតមួយភាគប្រាំនៃពិភពលោករស់នៅដោយមាសុភមង្គលនិងមានសេចក្តីថ្លៃថ្នូរ។ ជីវភាពរស់នៅដ៏មានសុភមង្គលរបស់ប្រជាជនចិនជាសិទ្ធិមនុស្សធំបំផុត នេះគឺខ្លឹមសារសំខាន់នៃទស្សនៈសិទ្ធិមនុស្សតាមបែបផែនចិន។ គំនិតនវានុវត្ត វិធានការថ្មី និងការអនុវត្តថ្មីរបស់ប្រទេសចិនក្នុងការគោរពនិងធានាសិទ្ធិមនុស្សរបស់ប្រទេសចិន មិនត្រឹមតែបានបន្ថែមអត្ថន័យថ្មីដល់កិច្ចការសិទ្ធិមនុស្សសកលនិងគំរូភាពនៃអរិយធម៌មនុស្សប៉ុណ្ណោះទេ ថែមទាំងបានផ្តល់ជាបទពិសោធដ៏មានប្រយោជន៍ដល់ប្រទេសនានា ជាពិសេសប្រទេសកំពុងអភិវឌ្ឍរួមមានទាំងកម្ពុជាថែមទៀតផង៕
(ដោយ៖ វិទ្យុមិត្តភាពកម្ពុជា-ចិន)