ឯកឧត្តម ស៊ុយ សែម អញ្ជើញប្រកាសតែងតាំង ប្រធានមន្ទីររ៉ែ និងថាមពល ខេត្តមណ្ឌលគិរី
ភ្នំពេញ៖ ឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែនិងថាមពល និង ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី នាថ្ងៃទី៧ ធ្នូនេះ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសតែងតាំង លោក ទី សុផល ជាប្រធានមន្ទីររ៉ែនិងថាមពលខេត្តមណ្ឌលគិរី ជំនួសលោក សាន់ ដារិរិទ្ឋ ដែលបច្ចុប្បន្នត្រូវបានតែងតាំងជាអភិបាលរងនៃគណៈអភិបាលខេត្តមណ្ឌលគិរី ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវប្រតិភូអមដំណើរ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត អភិបាលក្រុង-ស្រុក មេបញ្ជាការកងកម្លាំង ប្រធាន-អនុប្រធានមន្ទីរអង្គភាពនានា និងស្ថាប័នពាក់ព័ន្ធជុំវិញខេត្ត។
ថ្លែងក្នុងពិធីប្រកាសតែងតាំងនេះផងដែរ ឯកឧត្តមរដ្ឋមន្ត្រី បានធ្វើការកោតសរសើរចំពោះប្រធានមន្ទីររ៉ែនិងថាមពលថ្មី ខេត្តមណ្ឌលគិរី ដែលបានខិតខំប្រឹងប្រែងបំពេញតួនាទី និងភារកិច្ចការងារនាពេលកន្លងមក ប្រកបដោយការទទួលខុសត្រូវតាមជំនាញវិជ្ជាជីវៈ។
ជាមួយគ្នានោះដែរ ឯកឧត្តមរដ្ឋមន្ត្រីក៏បានលើកសរសើរចំពោះ អតីតប្រធានមន្ទីររ៉ែនិងថាមពលខេត្តមណ្ឌលគិរី ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទដែលបានបំពេញតួនាទីក្នុងពេលកន្លងមក។ ទាំងនេះគឺបង្ហាញអំពីការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីនៃមន្ទីររ៉ែនិងថាមពលខេត្តមណ្ឌលគិរី ក្នុងការសហការសម្របសម្រួល និងបំពេញការងារព្រមទាំងការលះបង់កម្លាំងកាយចិត្តទើបធ្វើឱ្យសម្រេចបានសមិទ្ធិផលគួរជាទីមោទកភាពឆ្លើយតបទៅនឹងការអភិវឌ្ឍរបស់ប្រទេសជាតិ ពិសេសទៅលើវិស័យរ៉ែ ថាមពល និងប្រេងកាត ៕