ឧត្តមសេនីយ៍ទោ សោម ស៊ុន បិទបញ្ចប់វគ្គហ្វឹកហ្វឺនយុទ្ធវិធី និងយុទ្ធដំណើរទ័ព ជូនកងកម្លាំងអន្តរាគមន៍ ១៥៣នាក់ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ
ភ្នំពេញ៖ បន្ទាប់ពីបានហ្វឹកហ្វឺនយុទ្ធវិធី និងយុទ្ធដំណើរទ័ព អស់រយៈពេល៧ថ្ងៃកន្លងមក នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២ បានដំណើរការបិទបញ្ចប់វគ្គហ្វឹកហ្វឺន នៅលើទីលាន នៅភូមិកូនក្អែក ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ដែលពិធីនេះស្ថិតក្រោមអធិបតីភាព ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន និងថ្នាក់ដឹកនាំនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានធ្វើការត្រួតពិនិត្យឆាកប្រយុទ្ធ ក្នុងយុទ្ធវិធីវាយប្រយុទ្ធបន្ទាន់ ក្នុងពេលដែលត្រូវខ្មាំងពួនស្ទាក់វាយកងកម្លាំង កំពុងធ្វើយុទ្ធដំណើរទ័ព ហើយត្រូវកងកម្លាំងរបស់យើងវាយសង្គ្រប់ទៅលើខ្មាំង ដោយកំទេចខ្មាំងនៅនឹងកន្លែង និងចាប់រស់មួយចំនួនផងដែរ។
លោកវរសេនីយ៍ទោ ថន ស៊ីសក្កា មេបញ្ជាការកងវរសេនាតូចលេខ១ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មការគ្រប់គ្រងវគ្គហ្វឹកហ្វឺន និងជាមេបញ្ជាការដឹកនាំក្បួនយុទ្ធដំណើរទ័ព បានឡើងរាយការណ៍អំពីលទ្ធផលនៃការហ្វឹកហ្វឺនយុទ្ធវិធី និងយុទ្ធដំណើរទ័ពក្នុងរយៈពេល៧ថ្ងៃកន្លងមក ពិសេសចំណុចខ្លាំងចំណុចខ្សោយនិងបទពិសោធន៍ ក្នុងការធ្វើយុទ្ធដំណើរទ័ពរយៈពេលមួយយប់ពីរថ្ងៃ ក្នុងចម្ងាយផ្លូវ២២គីឡូម៉ែត្រ ដោយត្រូវឆ្លងកាត់ព្រៃស្រោង ព្រៃរបោះ ខ្ពង់រាប វាលទំនៀប ឆ្លងកាត់អូរមួយចំនួន និងចុងក្រោយត្រូវអនុវត្តយុទ្ធវិធីវាយប្រយុទ្ធបន្ទាន់នៅលើសមរភូមិក្នុងពេលយុទ្ធដំណើរទ័ពផងដែរ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការកោតសរសើរ ចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ គណៈកម្មការគ្រប់គ្រងវគ្គហ្វឹកហ្វឺន រួមជាមួយនាយទាហាន នាយទាហានរងនិងពលទាហានទាំងអស់ ដែលបានខិតខំប្រឹងប្រែងយកអស់ស្មារតីទទួលខុសត្រូវ ក្នុងការហ្វឹកហ្វឺននិងយុទ្ធដំណើរទ័ព ទទួលបានជោគជ័យ តាមផែនការដែលឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៤ បានដាក់ចេញ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់បន្ថែមទៀតថា ការហ្វឹកហ្វឺនរៀនសូត្រយុទ្ខវិធី និងយុទ្ធដំណើរទ័ពនៅពេលនេះ គឺសំដៅពង្រឹងកាយសម្បទារឹងមាំ ព្រមទាំងការគោរពវិន័យ និងបទបញ្ជាម៉ឺងម៉ាត់ក្នុងពេលហ្វឹកហ្វឺន និងប្រយុទ្ធ ដើម្បីត្រៀមខ្លួនក្នុងភារកិច្ចការពារជាតិ សាសនា ព្រះមហាក្សត្រ និងការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលដឹកនាំដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។
នៅក្នុងពិធីបិទវគ្គហ្វឹកហ្វឺន និងយុទ្ធដំណើរទ័ពនៅពេលនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានណែនាំដល់យោធិន ទាំងអស់ ត្រូវត្រៀមខ្លួនរួចជាស្រេចដើម្បីអនុវត្តន៍តាមបទបញ្ជា របស់ ថ្នាក់លើដែលបានប្រគល់ជូន និងបានជួយឧបត្ថម្ភភេសជ្ជៈជូនកងកម្លាំងទាំងអស់ ពិសារក្រោយពេលហត់នឿយ នឹងបានចាត់ចែងមធ្យោបាយដឹកជញ្ជូន កងកម្លាំងទៅកាន់អង្គភាពរបស់ខ្លួនវិញ ប្រកបដោយជោគជ័យនិងសុវត្ថិភាព ៕