មន្ត្រីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ៖ ខេត្តកណ្ដាល ទទួលបានជ័យលាភីពានរង្វាន់លេខ១ ក្នុងការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល
ភ្នំពេញ៖ ខេត្តកណ្ដាលទទួលបានជ័យលាភីពានរង្វាន់លេខ១ ក្នុងការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល ODF ។
ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានលើកឡើងបែបនេះ ក្នុងសិក្ខាសាលាឆ្លុះបញ្ចាំង ស្ដីពីលទ្ធផលផ្ទៀងផ្ទាត់ស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលខេត្តកណ្តាល នៅសាលាខេត្តកណ្ដាល នាថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២។
ឯកឧត្តមបណ្ឌិត រដ្ឋលេខាធិការ បន្តថា កន្លងមកក្រុមការងារចុះផ្ទៀងផ្ទាត់ស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល(ODF) នៃក្រសួង អភិវឌ្ឍន៍ជនបទ និងអង្គការដៃគូពាក់ព័ន្ធ ដោយមានកិច្ចសហការពីរដ្ឋបាលខេត្តកណ្ដាល បានចុះផ្ទៀងផ្ទាត់ស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល(ODF) ទទួលបានលទ្ធផលជ័យលាភីពានរង្វាន់លេខ១ ក្នុងការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF)ខេត្តកណ្តាល។
ឯកឧត្តមបណ្ឌិត រដ្ឋលេខាធិការ បន្តថា ខេត្តកណ្ដាលមិនមែនជាខេត្តគោលដៅដែលបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលឡើយ តែដោយមានការខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្តកណ្ដាល មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត និងអង្គការដៃគូពាក់ព័ន្ធនានា បានសហការណ៍ថាយ៉ាងល្អ ធ្វើឱ្យខេត្តកណ្ដាលទទួលបានជ័យលាភីលេខ១ក្នុងការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF)។
ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានមានប្រសាសន៍ថា ការធ្វើឱ្យប្រសើរឡើងនូវស្ថានភាពអនាម័យ គឺជាតម្រូវការចាំបាច់សម្រាប់ប្រជាពលរដ្ឋខ្មែរ ជាពិសេសនៅ តំបន់ជនបទ និងជាអាទិភាពមួយក្នុងក្របខ័ណ្ឌអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកប ដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា។
ដោយអនុវត្តតាមចក្ខុវិស័យនៃផែនការយុទ្ធសាស្ត្រជាតិ នៅឆ្នាំ២០២៥ ប្រជាពលរដ្ឋគ្រប់រូបនៅ សហគមន៍ជនបទ ត្រូវទទួលបានសេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យគ្រប់គ្រាន់ ព្រមទាំងរស់នៅក្នុងបរិស្ថាន ដែលមានអនាម័យប្រកបដោយនិរន្តរភាព សំដៅពង្រីកអត្រាគ្របដណ្តប់សេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទឱ្យ បាន១០០% នៅឆ្នាំ២០២៥ ។
ឯកឧត្តមអភិបាលខេត្ត បន្តថា ក្រុង/ស្រុក ទាំង១១ មាន១២៧ ឃុំ/សង្កាត់ ស្មើនឹង១០១០ភូមិ បានបញ្ចប់ការបន្ទោបង់ពាសវាលពាសការ១០០% ដោយខ្នងផ្ទះជាក់ស្តែង សរុប ២៦៣.៩៦៣ ហើយចំនួនខ្នងផ្ទះដែលបានប្រើបង្គន់អនាម័យផ្ទាល់ខ្លួន សរុប២៥១,៩៥២ ស្មើនឹង៩៥.៤%, ចំនួនខ្នងផ្ទះប្រើបង្គន់អនាម័យរួមសរុប ១២,០១១ ស្មើនឹង៤.៦% ៕