ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភថវិកា និងស្បៀងអាហារ ដល់ពលរដ្ឋក្រីក្រ ទទួលរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ នៅស្រុកកំពង់ស្វាយ
ភ្នំពេញ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹកងកំពង់ធំ នាថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២ បានដឹកនាំសហការីនាំយកអំណោយស្បៀងអាហារ និងថវិកា របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងលោកជំទាវ ពេជ ចន្ទមុន្នី ទៅឧបត្ថម្ភជូនប្រជាពលរដ្ឋក្រីក្រចំនួន២គ្រួសារ ដែលកូននិងចៅ រងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ នៅភូមិត្បែងខ ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។
លោក សូ ប៊ន អាយុ៧៣ឆ្នាំ មេភូមិត្បែងខ ឃុំត្បែង បានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២២ កន្លងទៅ បណ្ដាលឱ្យកុមារពីរនាក់ ម្នាក់ឈ្មោះឈន សុខឡេង ភេទស្រីអាយុ១៤ឆ្នាំ ប៉ះពាល់ក្បាលយ៉ាងធ្ងន់ធ្ងរ និងកុមារាម្នាក់ទៀតអាយុ៨ ឆ្នាំឈ្មោះ ឈាន សីហា របួសបាក់ជើងខាងឆ្វេងជាពីរកំណាត់ នៅមុខវត្តបាគង ឃុំត្បែង ស្រុកកំពង់ស្វាយ ហើយបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យនាទីក្រុងភ្នំពេញ បច្ចុប្បន្នបានវិលត្រឡប់មកកាន់លំនៅដ្ឋានវិញកាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២ ដើម្បីព្យាបាលបន្ត ហើយប្រជាពលរដ្ឋទាំងពីរគ្រួសារនេះ មានជីវភាពលំបាកខ្វះខាតយ៉ាងខ្លាំង។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការសោកស្ដាយចំពោះឧប្បត្តិហេតុ ដែលកើតឡើងដោយគ្រោះថ្នាក់ចរាចរណ៍នេះ ដែលបានបណ្ដាលឲ្យកុមារទាំងពីរនាក់ មានរបួសពិការនៅក្នុងជីវិត នឹងបានណែនាំដល់ក្រុមគ្រួសារនិងប្រជាពលរដ្ឋដ៏ទៃទៀត ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ នៅក្នុងពេលធ្វើដំណើរនៅលើដងផ្លូវត្រូវគោរពច្បាប់ចរាចរណ៍ឲ្យបានត្រឹមត្រូវ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថាអំណោយដែលបានឧបត្ថម្ភជូនប្រជាពលរដ្ឋក្រីក្រទាំងពីរគ្រួសារនេះ ជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ដោយក្នុងមួយគ្រួសារទទួលបាននូវអង្ករចំនួន ៥០គីឡូក្រាម មីជាតិចំនួន២កេស ទឹកត្រីចំនួន១យួរ ត្រីខកំប៉ុងចំនួន១យួរ ទឹកពិសារបរិសុទ្ធវីតាចំនួន១កេស និងថវិកា មួយចំនួនផងដែរ។
ក្រុមគ្រួសារកុមាររងគ្រោះដោយថ្នាក់ចរាចរណ៍ទាំងពីរគ្រួសារ បានសូមគោរពថែ្លងអរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះឯកឧត្តម ហ៊ុន ម៉ាណែតនិងលោកជំទាវ ពេជ ចន្ទមុន្នី ព្រមទាំងឧត្តមសេនីយ៍ទោ សោម ស៊ុន និងសហការីដែលបានជួយដោះស្រាយការលំបាកដល់ក្រុមគ្រួសាររបស់គាត់បានទាន់ពេលវេលា និងសូមគោរពជូនពរឯកឧត្តម និងលោកជំទាវ ព្រមទាំងក្រុមការងារទាំងអស់សូមបានប្រកបដោយពុទ្ធពរទាំង ៤ ប្រការកុំបីឃ្លៀងឃ្លាតឡើយ ៕