មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ផ្សព្វផ្សាយអប់រំចិត្តសាស្ត្រ ជូនដល់នាយ-ពលទាហាន
ភ្នំពេញ៖ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង នាថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ បានផ្សព្វផ្សាយការងារអប់រំចិត្តសាស្ត្រ និងសភាពការណ៍វិវត្តន៍ថ្មីៗ ជូនដល់នាយ-ពលទាហាន ដែលពិធីនេះស្ថិតក្រោមអធិបតីភាព ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង និងមានការអញ្ជើញចូលរួមពីលោកមេបញ្ជាការរង នាយសេនាធិការរង លោកនាយ នាយរង ការិយាល័យ ផ្នែក ព្រមទាំងនាយ-ពលទាហាន ចំណុះទីបញ្ជាការផងដែរ ។
ស្ថិតក្នុងឱកាសនេះ លោកមេបញ្ជាការ បានអញ្ជើញផ្សព្វផ្សាយនូវសភាពការណ៍ថ្មីៗទាំងជាតិ និងអន្តរជាតិ ជាពិសេស ឯកឧត្តម បានលើកឡើងអំពីវិបត្តិ ដែលកើតមានឡើងដោយសារសង្គ្រាម នាពេលកន្លងមក ក៏ដូចជាវិបត្តិសង្គ្រាមរវាង រុស្សី-អ៊ុយក្រែន ក្នុងពេលបច្ចុប្បន្ននេះ ដែលបានបំផ្លាញទាំងសេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងសម្លាប់ប្រជាជនស្លូតត្រង់អស់ជាច្រើនផងដែរ ដូច្នេះក្នុងនាមយើងជាប្រជាពលរដ្ឋ ជាកងទ័ព ត្រូវថែរក្សាឲ្យបាននូវសន្តិភាពដែលរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ខំតស៊ូរកបានដោយលំបាក ឲ្យបានគង់វង្ស មិនឲ្យជនណា ឬក្រុមណាមកបំផ្លាញបានឡើយ ។
ជាចុងក្រោយ លោកមេបញ្ជាការ បានក្រើនរំលឹកដល់ នាយ-ពលទាហាន ទាំងអស់ត្រូវថែរក្សាសុខភាពឲ្យបានល្អ ជាពិសេសក្នុងរដូវរងានេះ ដែលងាយឆ្លងជំងឺផ្សេងៗ និងត្រូវបន្តអនុវត្តវិធានការ ៣ការពារ៣កុំ របស់សម្តេចតេជោ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ យើងអាចភ្លេចជំងឺកូវីដ-១៩ តែជំងឺកូវីដ-១៩ មិនភ្លេចយើងទេ ៕