ឯកឧត្តម ឌិត ទីណា បានទទួលជួបពិភាក្សាការងារ ជាមួយឯកឧត្តម តឹករ៉េត សំរេច រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងលោកស្រី Liu Shujuan នៅទីស្តីការក្រសួងកសិកម្ម
ភ្នំពេញ៖នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម ឌិត ទីណា បានទទួលជួបពិភាក្សាការងារ ជាមួយឯកឧត្តម តឹករ៉េត សំរេច រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី និងលោកស្រី Liu Shujuan ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន China Firm for Global Business (CFGB) នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
គោលបំណងនៃជំនួប គឺដើម្បីពិភាក្សាស្វែងរកកិច្ចសហការក្នុងការជួយគាំទ្រដល់ការពង្រឹងសមត្ថភាព និងជួយជម្រុញការនាំចេញផលិតផលកសិកម្ម របស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិន។
ក្រុមហ៊ុន China Firm for Global Business (CFGB) គឺជាក្រុមហ៊ុនដ៏ធំរបស់ចិន ដែលបានវិនិយោគនៅក្នុងវិស័យកសិកម្ម និងចំណីអាហារ ដោយបាននាំចេញ-នាំចូលផលិតផលកសិកម្មពីប្រទេសជាច្រើន ដូចជាប្រទេសអាមេរិក អាស៊ី អឺរ៉ុប និងប្រទេសអូស្រ្តាលី ជាដើម។ ក្រុមហ៊ុនមានបំណងសហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ ដើម្បីជួយគាំទ្រដល់ការពង្រឹងសមត្ថភាពមន្ទីរពិសោធន៍ ការកសាងសមត្ថភាព និងការស្រាវជ្រាវ សំដៅជម្រុញនាំចេញផលិតផលកសិកម្ម ទៅកាន់ទីផ្សារប្រទេសចិន។
ជាការឆ្លើយតប ខ្ញុំបានស្នើឱ្យក្រុមហ៊ុនសិក្សាលម្អិតពីតម្រូវការទីផ្សាររបស់ប្រទេសចិន លើផលិតផលកសិកម្មរបស់កម្ពុជា និងរៀបចំជាផែនការច្បាស់លាស់ ហើយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រីករាយស្វាគមន៍ក្នុងការជួយសម្របសម្រួល ក៏ដូចជាផ្ដល់កិច្ចសហការនៅពេលអនាគត។