សម្ដេចតេជោ ហ៊ុន សែន៖ កម្ពុជា រំពឹងថាអាចទទួលបាន ភ្ញៀវទេសចរផ្ទៃក្នុងប្រមាណ ១១លាននាក់ ក្នុងឆ្នាំ២០២៣
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងដោយរំពឹងថា ប្រទេសកម្ពុជា អាចទទួលបាន ភ្ញៀវទេសចរផ្ទៃក្នុងប្រមាណ ១១ លាននាក់ ក្នុងឆ្នាំ ២០២៣ តាមផែនការដែលបានដាក់ចេញ និងភ្ញៀវទេសចរអន្តរជាតិប្រមាណ ៧លាននាក់ រហូតដល់ឆ្នាំ២០២៦ ឬឆ្នាំ២០២៧ ។
ក្នុងឱកាសអញ្ជើញជាអធិបតី បើកមហាសន្និបាតលើកទី១៦ របស់ក្លឹបឆ្នេរសមុទ្រស្អាតបំផុត លើសាកលលោក នៅខេត្តព្រះសីហនុ នាថ្ងៃទី១០ ធ្នូនេះ
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ក្នុងរយៈពេលជិត ៣ ឆ្នាំកន្លងទៅ, យើងមានសេចក្តីរីករាយយ៉ាងក្រៃលែង ដែលពិភពលោក ទាំងមូលខិតខំប្រឹងប្រែង និង រួមគ្នាជាធ្លុងមួយ ក្នុងការឆ្លើយតបប្រកបដោយប្រសិទ្ធភាពខ្ពស់ចំពោះ ការរាតត្បាតនៃជំងឺកូវីដ-១៩ ក្រោមស្មារតីយោគយល់ និង ចេះជួយគ្នាទៅវិញទៅមក ជាពិសេស បានយកជ័យជម្នះលើការប្រយុទ្ធប្រឆាំងនឹងជំងឺនេះ រហូតបានឈានទៅដល់ការបើកប្រទេស និង ចាប់ផ្តើមស្ដារសេដ្ឋកិច្ចរៀងៗខ្លួនឡើងវិញ ។
សម្ដេចបន្តថា ដើម្បីជំរុញការស្ដារ និង លើកស្ទួយវិស័យទេសចរណ៍, រាជរដ្ឋាភិបាលបានអនុម័តដាក់ឱ្យ ប្រើប្រាស់នូវ ផែនទីចង្អុលផ្លូវស្តីពីផែនការស្តារ និង លើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុង និង ក្រោយវិបត្តិជំងឺកូវីដ-១៩ កាលពីថ្ងៃទី ៣០ ខែ មីនា ឆ្នាំ ២០២១ ដោយក្នុងនោះ ទេសចរណ៍ឆ្នេរ គឺជាសសរស្តម្ភមួយក្នុងចំណោមសសរស្តម្ភទាំង ៤ រួមមាន ទេសចរណ៍វប្បធម៌, ទេសចរណ៍ឆ្នេរ, អេកូទេសចរណ៍ និង ភាពជាខ្មែរ ។ ឈរលើមូលដ្ឋានទាំងអស់នេះ, យើងរំពឹងថាអាចទទួលបាន ភ្ញៀវទេសចរផ្ទៃក្នុងប្រមាណ ១១ លាននាក់ ក្នុងឆ្នាំ ២០២៣ តាមផែនការដែលបានដាក់ចេញ និង ភ្ញៀវទេសចរអន្តរជាតិប្រមាណ ៧ លាននាក់ រហូតដល់ឆ្នាំ ២០២៦ ឬឆ្នាំ ២០២៧ ។
សម្ដេចតេជោ ក៏បានយកឱកាសនេះ ថ្លែងអំណរគុណដល់ក្រុមប្រឹក្សាភិបាល និង សមាជិកក្លឹបទាំងអស់ ដែលបានគាំទ្រឆ្នេរសមុទ្រកម្ពុជា និង បានយល់ព្រមដាក់បញ្ចូលឆ្នេរសមុទ្រកម្ពុជាទាំងមូលជា សមាជិក និង បានបន្តគាំទ្រការអភិវឌ្ឍតំបន់ឆ្នេរសមុទ្ររបស់កម្ពុជាតាមរបៀបកម្ពុជា ពិសេសបាន បោះឆ្នោតគាំទ្រកម្ពុជា កាន់តំណែងជាអនុប្រធានក្លឹបទទួលបន្ទុកតំបន់អាស៊ីប៉ាស៊ីហ្វិក ២ អាណត្តិ ជាប់គ្នា និង បន្តជាអគ្គនាយករងក្លឹប រហូតមកដល់បច្ចុប្បន្ន ។
ដើម្បីអបអរសាទរនៃការចូលជាសមាជិកក្លឹបនេះ, រាជរដ្ឋាភិបាលបានសម្រេចឱ្យមានការ- រៀបចំពិធីបុណ្យសមុទ្រ ដោយឈរលើគោលការណ៍នៃការឆ្លាស់វេនគ្នា នៅខេត្តតំបន់ឆ្នេរទាំង ៤ដែលយើងនឹងប្រារព្ធពិធីបើកផ្លូវការនាល្ងាចនេះ និង បានបង្កើតគណៈកម្មាធិការជាតិគ្រប់គ្រង និង អភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ដោយមានរដ្ឋមន្ត្រីដល់ទៅ ៣ ជាប្រធាន និង អនុប្រធាន រួមជាមួយ អភិបាលខេត្តតំបន់ឆ្នេរទាំង ៤ និង ក្រសួង-ស្ថាប័នពាក់ព័ន្ធ ជាសមាជិក ដែលជាយន្តការស្ថាប័ន ដ៏សំខាន់សម្រាប់ជាការអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ប្រកបដោយនិរន្តរភាព និង ការទទួល ខុសត្រូវ ។
ក្នុងន័យនេះ, ការចូលជាសមាជិកក្លឹបនេះ ពិតជាបានស្តែងឱ្យឃើញពីរបត់ថ្មីនៃការប្រែប្រួល មុខមាត់ជាបន្តបន្ទាប់របស់តំបន់សមុទ្រកម្ពុជា ទាំងលើទិដ្ឋភាពសង្គម-សេដ្ឋកិច្ច, ទេសចរណ៍, នគរូបនីយកម្ម និង បរិស្ថាន ដែលជាកត្តាកំណត់លើការទទួលស្គាល់ជាអន្តរជាតិនៃឆ្នេរសមុទ កម្ពុជា ។ កិច្ចការនេះ បានធ្វើឱ្យតំបន់ឆ្នេរកម្ពុជាអាចដើរតួនាទីយ៉ាងសំខាន់ ក្នុងការទាក់ទាញវិនិ- យោគសម្រាប់ជំរុញកំណើនសេដ្ឋកិច្ចជាតិ និង ត្រូវបានចាត់ទុកថាជាគោលដៅទេសចរណ៍ធម្មជាតិ ដ៏មានភាពទាក់ទាញ និង ប្រកបដោយភាពប្រកួតប្រជែងខ្ពស់នៅកម្ពុជា និង ក្នុងតំបន់ ព្រមទាំង ជាគោលដៅទេសចរណ៍ដ៏ធំ បន្ទាប់ពីតំបន់បេតិកភណ្ឌវប្បធម៌-ប្រវត្តិសាស្ត្រសៀមរាប-អង្គរ និង រាជធានីភ្នំពេញ ៕