កម្ពុជា ផ្ដល់អាទិភាពខ្ពស់ ដល់ការអភិវឌ្ឍតំបន់ឆ្នេរសមុទ្រ ដែលត្រូវបានចាត់ទុកជាប៉ូលសេដ្ឋកិច្ចទី២ របស់ប្រទេស ជាពិសេសខេត្តព្រះសីហនុ
ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញ បើកមហាសន្និបាតលើកទី១៦ របស់ក្លឹបឆ្នេរសមុទ្រស្អាតបំផុត លើសាកលលោក នៅខេត្តព្រះសីហនុ នាថ្ងៃទី១០ ធ្នូនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ឈរលើកត្តាអំណោផលទាំងអស់នេះ និង ក្រោមចក្ខុវិស័យហ្មត់ចត់ វែងឆ្ងាយ ទូលំទូលាយ និងគ្រប់ជ្រុងជ្រោយ កម្ពុជាបានផ្ដល់អាទិភាពខ្ពស់ ដល់ការអភិវឌ្ឍតំបន់ឆ្នេរសមុទ្រ ដែលត្រូវបាន ចាត់ទុកជាប៉ូលសេដ្ឋកិច្ចទី ២ របស់ប្រទេស, ជាពិសេសខេត្តព្រះសីហនុ, ដែលត្រូវបានរាជរដ្ឋាភិបាលកំណត់គោលដៅអភិវឌ្ឍ «ជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណង» ។
សម្ដេចតេជោ បន្តថា ជាក់ស្ដែង, រាជរដ្ឋាភិបាល បានសម្រេចកសាងបណ្តាញផ្លូវ ៣៧ខ្សែ និង ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ដូចជាអាងប្រព្រឹត្តកម្ម ទឹកកខ្វក់ និង ការអភិវឌ្ឍឆ្នេរខ្សាច់កម្សាន្តសាធារណៈ ដែលចំណាយថវិការបស់ជាតិសរុបប្រមាណ ជាង ៣០០ លានដុល្លារអាមេរិក និង ដែលបានសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវកាលពីខែ ធ្នូ ឆ្នាំ ២០២១ ។
សម្ដេចតេជោបន្ថែមថា ប្រធានបទ «ឆ្នេរនៃសន្តិភាព ឆ្នេរនៃក្តីសង្ឃឹម» នៃមហាសន្និបាតនេះ គឺសមស្របនាពេល បច្ចុប្បន្ន ដែលពិភពលោកទាំងមូលបាននិងកំពុងប្រឈមនឹងវិបត្តិសកលជាច្រើន បន្ថែមពីលើវិបត្តិ ជំងឺកូវី-១៩, វិបត្តិសង្គ្រាមអ៊ុយក្រែន រួមជាមួយវិបត្តិសាកលលោកផ្សេងៗទៀត ដែលបានជះឥទ្ធិពល យ៉ាងខ្លាំងដល់ពិភពលោក ទាំងលើផ្នែកសេដ្ឋកិច្ច, ការអភិវឌ្ឍសង្គម និង សណ្តាប់ធ្នាប់ពិភពលោក ។
សម្ដេចគូសបញ្ជាក់ថា ប្រធានបទនេះក៏សមស្របជាមួយនឹងបរិបទកម្ពុជា ដែលសន្តិភាពបានដើរតួនាទីយ៉ាងសំខាន់ដល់ ការអភិវឌ្ឍប្រទេសជាតិ, បង្កើតជាក្តីសង្ឃឹមយ៉ាងមុតមាំសម្រាប់ប្រជាជនទាំងមូល ។ សន្តិភាព គឺ ពិតជាមិនអាចខ្វះបានសម្រាប់ការទ្រទ្រង់ការអភិវឌ្ឍប្រទេសជាតិ ខណៈដែលក្តីសង្ឃឹមជាច្រើន សម្រាប់អនាគត បាននិងកំពុងបង្កើតជាកាលានុវត្តភាពច្រើនផ្ដើមចេញពីសន្តិភាពនេះ ។ កម្ពុជា, ក្នុងនាមជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតក្លឹបលើកទី ១៦នេះ, រំពឹងចែករំលែកនូវបទពិសោធ និង ការអនុវត្តល្អៗរបស់ខ្លួន ទៅកាន់សមាជិកក្លឹបទាំងអស់ និង ពិភពលោកទាំងមូល, ទាំងលើការគ្រប់- គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រ, ដោយផ្តើមចេញពីសន្តិភាពដែលខ្លួនរកបានដោយកម្រ ជាមួយ ក្តីសង្ឃឹមប្រកបដោយសុទិដ្ឋិនិយមសម្រាប់អនាគត ៕