ស.ស.យ.ក. បានរៀបចំសិក្ខាសាលាបច្ចេកទេសលើការងារផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈ ក្រោមប្រធានបទ [ការបង្កើតសារ បញ្ជូនសារ និងឥទ្ធិពលនៃ «សារ»ព័ត៌មានលើសង្គមយុវជន]
ភ្នំពេញ៖នារសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ សិក្ខាសាលាបច្ចេកទេសលើការផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈ ក្រោមប្រធានបទ [ការបង្កើតសារ បញ្ជូនសារ និងឥទ្ធិពលនៃ (សារ)ព័ត៌មានលើសង្គមយុវជន] បានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្ដីក្រសួងព័ណ៌មាន និងឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅមជ្ឈមណ្ឌលម៉ានី នៃអាគារ KAMPUS។ សិក្ខាសាលាបច្ចេកទេសនេះ មានការអញ្ជើញចូលរួមដោយ សមាជិក សមាជិកា ក្រុមការងារផ្សព្វផ្សាយស.ស.យ.ក. ទូទាំងប្រទេស សិស្សានុសិស្សជំនាញផ្នែកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយតាមបណ្តាសាកលវិទ្យាល័យក្នុងរាជធានីភ្នំពេញ និងសាធារណៈជន ជាភ្ញៀវកិត្តិយស សរុបប្រមាណ ៤០០ នាក់។
ប្រសាសន៍ថ្លែងបើកសិក្ខាសាលា ឯកឧត្តម ហ៊ុន ម៉ានី ក៏បានលើកឡើងថា សិក្ខាសាលានេះគឺជាការជួបជុំដ៏មានសារៈសំខាន់ដើម្បីពង្រឹង និងពង្រីកសមត្ថភាពរបស់សមាជិក សមាជិកា ស.ស.យ.ក. និងរួមចំណែកជាមួយរាជរដ្ឋាភិបាលដែលចូលរួមបណ្ដុះបណ្ដាលយុវជនក្នុងវិស័យផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈ។ ឯកឧត្តមបានមានប្រសាសន៍ថា .អ្នកបង្កើតសារ និងបញ្ជូនសារមានតួនាទីយ៉ាងសំខាន់ ចំពោះការអប់រំផ្នត់គំនិតសង្គម និងការអភិវឌ្ឍប្រទេសជាតិទៅមុខ ដែរមិនត្រឹមតែវិភាគសង្គមនយោបាយដាច់ដោយឡែកនោះទេ តែក៏ត្រូវមានភាពប្រទាក់ក្រឡាជាមួយទិដ្ឋភាពសេដ្ឋកិច្ច ភូមិសាស្រ្ដនយោបាយ និងទិដ្ឋភាពជាច្រើនទៀត។
សិក្ខាសាលាបច្ចេកទេសនាពេលនេះដែរ មានការចូលរួមពីសំណាក់វាគ្មិនកិត្តិយសដែលមានបទពិសោធន៍ជាក់លាក់លើការងារផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈពីស្ថាប័នរដ្ឋ ឯកជន និងវាគ្មិនដែលជាប្រធានផ្នែកទំនាក់ទំនងសាធារណៈក្នុងតំបន់មកពីក្រុមហ៊ុនបណ្ដាញសង្គមFacebook និង TikTok ក្នុងគោលបំណងតាមដានពីវឌ្ឍនភាពការងារ ពង្រឹងសមត្ថភាព និងចែករំលែកចំណេះដឹងបច្ចេកទេសបន្ថែមជាពិសេសចំណេះដឹងក្នុងការបង្កើត និងបញ្ជូនសារទៅលើបណ្ដាញសង្គម។
សមាសសភាពវាគ្មិនកិត្តិយស ៤រូប និងអ្នកសម្របសម្រួលរួមមាន៖ ១/ឯកឧត្តម នេត្រ ភក្រ្ដា រដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងបរិស្ថាន ២/ លោក លាង ដឺលុច ចាងហ្វាងការផ្សាយសារព័ត៌មានថ្មីៗ ៣/ លោកបណ្ឌិត ហេង ភក្ដី ប្រធានផ្នែកគោលនយោបាយសាធារណៈក្រុមហ៊ុនមេតា ៤/កញ្ញា Kyu Kyu Thein ប្រធានផ្នែកគោលនយោបាយសាធារណៈក្រុមហ៊ុន TikTok និង ៥/ សម្របសម្រួលដោយលោកស្រី នុត ក្លារ៉ា នាយកប្រតិបត្តិសេវាកម្មសារព័ត៌មានអប្សរា។
សូមបញ្ជាក់ជូនផងដែរថា សិក្ខាសាលាបច្ចេកទេសលើការផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈ ត្រូវបានរៀបចំឡើង ក្នុងគោលដៅផ្តល់ជាវេទិកាដើម្បីពិភាក្សាស្វែងយល់ពីប្រធានបទ [ការបង្កើតសារ ការបញ្ជូនសារ និងឥទ្ធិពលនៃ (សារ) ព័ត៌មានលើសង្គមយុវជន ]។។