សិក្ខាកាម ១០០នាក់ បានចូលរៀនវគ្គហ្វឹកហ្វឺនបំប៉នជំនាញ ភស្តុភារ ហិរញ្ញវត្ថុ យន្តយុទ្ធថ្នាក់វរសេនាតូច ឆ្នាំ២០២២ នៅទីបញ្ជាការកងពលធំអន្តរាគមន៍លេខ២
ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៏ឯក កែវ ធី មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការកងពលធំអន្តរាគមន៍លេខ២ នាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញ ភស្តុភារ ហិរញ្ញវត្ថុ យន្តយុទ្ធថ្នាក់វរសេនាតូច ឆ្នាំ២០២២ នៅទីបញ្ជាការកងពលធំអន្តរាគមន៍លេខ២ ។
តាមរបាយការណ៍វគ្គហ្វឹកហ្វឺនបានឲ្យដឹងថា៖ វគ្គហ្វឹកហ្វឺននេះមានសិក្ខាកាមសរុបចំនួន ១០០ នាក់ សិក្សាមេរៀនរួមមាន៖ ជំនាញភស្តុភារសិក្ខាកាមចំនួន ៤៨នាក់
,ជំនាញហិរញ្ញវត្ថុ សិក្ខាកាមចំនួន ២៦ នាក់,ជំនាញយន្តយុទ្ធ សិក្ខាកាមចំនួន ២៦ នាក់, គ្រូយោធចារ្យ ចំនួន ១១នាក់ សរុបចំនួន ១១១ នាក់ សិក្សារយៈពេល ២៥ថ្ងៃ ។
ឧត្តមសេនីយ៍ឯក កែវ ធី បានគូសបញ្ជាក់ថា វគ្គហ្វឹកហ្វឺនបំប៉នបណ្ដាជំនាញទាំងអស់ ដែលប្រារព្ធបើកវគ្គនាពេលនេះពិតជាមានសារៈសំខាន់សម្រាប់ការកសាងធនធានមនុស្ស ពង្រឹងសមត្ថភាព គុណភាព ការ ទទួលខុសត្រូវ និងសក្តានុពលព្រមទាំងសកម្មភាពប្រចាំថ្ងៃរបស់កងទ័ពក្នុងការបំពេញភារកិច្ច ការបង្កើនប្រសិទ្ធភាព ទាំងចំណេះដឹង ចំណេះធ្វើពិតប្រាកដ និងបម្រើឲ្យការងារប្រយុទ្ធស្របទៅតាមលក្ខណៈបច្ចេកទេស សម្តៅលើកកម្ពស់ចំណេះដឹង និងចំណេះធ្វើឲ្យដើរទន្ទឹមគ្នា ធានាបាននូវប្រសិទ្ធភាព និងសមត្ថភាពខ្ពស់ក្នុងការបំពេញភារកិច្ចចូលរួមចំណែកលើភារកិច្ចការពារអធិបតេយ្យជាតិ ការពារបូរណភាពទឹកដី ជាតិមាតុភូមិនៃយើង ។
ឧត្ដមសេនីយ៍ឯក កែវ ធី បានគូសបញ្ជាក់ពីគោលការណ៍មួយចំនួនដែលជាកត្តាចាំបាច់ដែលធ្វើឲ្យជោគជ័យនៃការបណ្តុះបណ្តាលធនធានមនុស្សនៃកងយោធពលខេមរភូមិន្ទ បានល្អ និងជោគជ័យ មានដូចជា ត្រូវមានសាមគ្គីភាព ឯកភាពផ្ទៃក្នុង , គណៈគ្រប់គ្រងវគ្គ ត្រូវមានគោលការណ៍ និងចក្ខុវិស័យច្បាស់លាស់ គ្រូយោធាចារ្យត្រូវមាន និងរៀបចំឯកសារមេរៀនគ្រប់គ្រាន់ និងល្អៗ និងអនុវត្តន៍នូវវិន័យម៉ឺងម៉ាត់ទាំងនៅក្នុងថ្នាក់ក៏ដូចជានៅទីលាន ។
សិក្ខាកាមទាំងអស់ត្រូវប្ដេជ្ញាចិត្តខិតខំរៀនសូត្រ មានវិន័យខ្ពស់ គោរពវិន័យបទបញ្ជាផ្ទៃក្នុងវគ្គ មានសាមគ្គីផ្ទៃក្នុងល្អ និងគោរពពេលវេលារៀនសូត្រអោយបានទៀងទាត់ ពេលបញ្ចប់វគ្គទទួលបានលទ្ធផលល្អ ៕