រុស្សីសម្រុកយន្តហោះចម្បាំងដើម្បីការពារយន្តហោះយោធាន័រវេស
មូស្គូ៖ ក្រសួងការពារជាតិរុស្ស៊ី បានឲ្យដឹងថា យន្តហោះចម្បាំងរុស្ស៊ី មួយគ្រឿង បានហោះឡើង កាលពីថ្ងៃចន្ទ ដើម្បីអមដំណើរ យន្តហោះស៊ើបការណ៍ របស់ប្រទេសន័រវេស លើសមុទ្រ Barents នេះបើយោងតាម ក្រសួងការពារជាតិ រុស្ស៊ី។
ក្រសួងបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការគ្រប់គ្រងដែនអាកាសរុស្ស៊ីបានរកឃើញគោលដៅមួយខិតជិតព្រំដែនរដ្ឋរុស្ស៊ីលើសមុទ្រ Barents ហើយយន្តហោះចម្បាំង MiG-៣១ នៃកងនាវាខាងជើងរុស្ស៊ីបានហោះចេញជាការឆ្លើយតប។
បន្ទាប់ពីកំណត់អត្តសញ្ញាណវត្ថុនោះថាជាយន្តហោះល្បាតដែនសមុទ្រ P-៣C Orion របស់កងទ័ពអាកាសន័រវេស ក្រុមនាវិករុស្ស៊ីបានអមដំណើរយន្តហោះរហូតដល់វាហោះចេញពីព្រំដែនរដ្ឋរុស្ស៊ី។
ក្រសួងបានបន្តថា បន្ទាប់មក MiG-៣១ បានវិលត្រឡប់មកអាកាសយានដ្ឋានផ្ទះរបស់ខ្លួនវិញដោយសុវត្ថិភាព ដោយបន្ថែមថា បេសកកម្មនេះត្រូវបានអនុវត្តដោយអនុលោមតាមច្បាប់អន្តរជាតិសម្រាប់ការប្រើប្រាស់ដែនអាកាស។