លោកជំទាវ ជូ ប៊ុនអេង៖ ពេលស្ថានភាពទូទៅ រៀបរយល្អប្រសើរ បែជាបទល្មើសជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ បានបំលែងខ្លួនទៅជាបទល្មើសថ្មីៗទៀត លើទឹកដីកម្ពុជា
ភ្នំពេញ៖ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ដ្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បានថ្លែងថា នៅពេលដែលស្ថានភាពទូទៅ បានរៀបរយល្អប្រសើរ ប៉ុន្តែបែជា
បទល្មើសជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ បានបំលែងខ្លួនទៅជាបទល្មើសថ្មីៗទៀតលើទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ។
ថ្លែងក្នុងកម្មវិធីទិវាជាតិប្រឆាំងការជួញដូរមនុស្ស ១២ ធ្នូ ឆ្នាំ២០២២ លើកទី១៦ ក្រោមប្រធានបទ «រួមគ្នាលុបបំបាត់អំពើជួញដូរមនុស្ស ឆ្ពោះទៅសម្រេចគោលដៅ អភិវឌ្ឍន៍ជាតិប្រកបដោយចីរភាព» ដែលប្រារព្ធធ្វើនៅសាលមហោស្រពកោះពេជ្រ លោកជំទាវ ជូ ប៊ុនអេង បានលើកឡើងថា នៅក្នុងឆមាសទី១ នៃឆ្នាំ២០២២កន្លងទៅ ស្ថានភាពនៃអំពើជួញដូរមនុស្សមានភាពល្អប្រសើរ ដោយអត្រានៃបទល្មើស បានថយចុះគួរឱ្យកត់សម្គាល់ បើប្រៀបធៀបទៅនឹងឆ្នាំ២០២១។
លោកជំទាវរដ្ឋលេខាធិការបញ្ជាក់ថា «នៅពេលដែលស្ថានភាពទូទៅ បានរៀបរយល្អប្រសើរ ប៉ុន្តែបែជា
បទល្មើសជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ បានបំលែងខ្លួនទៅជាបទល្មើសថ្មីៗទៀតលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ដែលបង្កឡើងដោយឧក្រិដ្ឋជនមួយចំនួន ដែលសម្ងំលាក់ខ្លួនប្រព្រឹត្តបទល្មើស ក្នុងអាជីវកម្មបន្លំភ្នែក ដោយប្រើប្រាស់ឱកាស ដែលរាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងផ្តល់ឱ្យសម្រាប់ការវិនិយោគ ដើម្បីការអភិវឌ្ឍន៍ នៅក្នុងតំបន់ប៉ូលសេដ្ឋកិច្ចធំៗ ដូចជា៖ ខេត្តព្រះសីហនុ រាជធានីភ្នំពេញ ជាដើម និងបណ្តាខេត្តមួយចំនួនទៀត ទៅធ្វើសកម្មភាពឧក្រិដ្ឋកម្មប្រឆាំងនឹងសិទ្ធិមនុស្ស» ។
លោកជំទាវបន្ថែមថា ឧក្រិដ្ឋជន ដែលបានប្រព្រឹត្តសកម្មភាពឃោរឃៅទៅលើជនរងគ្រោះ ដោយពលកម្មដោយបង្ខំ ការឆបោកតាមប្រព័ន្ធអនឡាញ ការអូសទាញជនងាយរងគ្រោះពីក្រៅប្រទេស ដើម្បីបង្ខំឱ្យបម្រើសកម្មភាពឆបោកខុសច្បាប់ និងឧក្រិដ្ឋកម្មផ្សេងៗទៀត ដែលភាគច្រើនប្រព្រឹត្តដោយជនបរទេសទៅលើជនបរទេសដូចគ្នាផង និងមានបណ្តាញទាក់ទងគ្នាយ៉ាងសកម្ម តាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ឬអនឡាញ ប្រទាក់ក្រឡាពីប្រទេសមួយ ទៅប្រទេសមួយផងដែរ។
លើសពីនេះលោកជំទាវ អនុប្រធានអចិន្ដ្រៃយ៍ គ.ជ.ប.ជ ក៏បានលើកឡើងទៀតថា នេះជាភាពប្រឈមថ្មី ដែលរាជរដ្ឋាភិបាលកម្ពុជាមិនអាចព្រងើយកន្តើយបានឡើយ ហើយត្រូវឆ្លើយតបជាបន្ទាន់ តាមវិធានការបោសសម្អាតបទល្មើសយ៉ាងមានប្រសិទ្ធភាពនោះគឺ «ផែនការប្រតិបត្តិ ការបង្កើន ការបង្ក្រាបអំពើជួញដូរមនុស្សគ្រប់ទំរង់ និងបទល្មើសពាក់ព័ន្ធ» តាមសេចក្ដីសម្រេចរបស់ គ.ជ.ប.ជ និងបង្កើតក្រុមការងារប្រតិបត្តិការ ដឹកនាំដោយ អគ្គស្នងការដ្ឋាននគរបាលជាតិ និងបើកយុទ្ធនាការនៅទូទាំងប្រទេស រុករកបទល្មើស បណ្តាញជនល្មើស និងសង្គ្រោះជនរងគ្រោះ នៅតាមទីតាំងដែលមានការសង្ស័យយ៉ាងសកម្ម ៕