ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ ដើម្បីពិនិត្យវឌ្ឍនភាព និងលទ្ធផលនៃការសិក្សាសមិទ្ធិលទ្ធភាព លើគម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់ មុននឹងបញ្ចប់ការសិក្សានេះនៅចុងខែមករា
ភ្នំពេញ៖ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ បានអញ្ជើញដឹកនាំកិច្ចពិភាក្សាពិគ្រោះយោបល់ដើម្បីពិនិត្យវឌ្ឍនភាព និងលទ្ធផលនៃការសិក្សាសមិទ្ធិលទ្ធភាពលើគម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់ ដែលបាននិងកំពុងសិក្សាលម្អិតដោយក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន(CRBC) រួមជាមួយក្រុមហ៊ុន CCCC Water Transportation Consultants Co., Ltd ដោយមានការអញ្ជើញចូលរួមផងដែរ ពីសំណាក់ថ្នាក់ដឹកនាំក្រសួង និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូប។
កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីពិនិត្យ និងពិភាក្សាលើវឌ្ឍនភាពការងារ និងលទ្ធផលមួយចំនួនដែលគម្រោងសិក្សានេះសម្រេចបានកន្លងមក និងពិនិត្យលើផែនការសកម្មភាពនាជំហានបន្ទាប់ផងដែរ។ សូមគូសបញ្ជាក់ថា រហូតមកដល់ពេលនេះគម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់នេះ កំពុងស្ថិតនៅក្នុងដំណាក់កាលទី២នៃការសិក្សាសមិទ្ធិលទ្ធភាព បន្ទាប់ពីទទួលបានចំណារឯកភាពដ៏ខ្ពង់ខ្ពស់ពី សម្តេចតេជោ នាយករដ្ឋមន្ត្រី កាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២២ កន្លងទៅ ហើយគ្រោងនឹងបញ្ចប់ការសិក្សានេះឱ្យបានរួចរាល់ និងគ្រប់ជ្រុងជ្រោយ នៅដំណាច់ខែមករា ឆ្នាំ២០២៣ ខាងមុខនេះ។
ភាគីទាំងពីរបានពិនិត្យ និងពិភាក្សាដោយយកចិត្តទុកដាក់លើការងារបច្ចេកទេសសំខាន់ៗមួយចំនួន រួមទាំងបានពិនិត្យដោយយកចិត្តទុកដាក់លើលទ្ធផលនៃការវិភាគ និងវាយតម្លៃផលប៉ះពាល់នានាលើគ្រប់ប្រភេទហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តមួយចំនួន ដែលអាចរងផលប៉ះពាល់ដោយសារការអភិវឌ្ឍនៃគម្រោងនេះ ។
ជាមួយគ្នានេះដែរ អង្គប្រជុំក៏បានពិភាក្សា និងផ្តល់អនុសាសន៍ណែនាំលើ ប្លង់បច្ចេកទេសរួមមាន ប្លង់ស្ថាបត្យកម្ម ប្លង់គ្រឿងបង្គុំនៃការងារសាងសង់ហេដ្ឋារចនាសម្ព័ន្ធតាមផ្លូវទឹក ការជ្រើសរើសស្តង់ដារនៃការសាងសង់ គន្លងផ្លូវនាវាចរណ៍ រួមនឹងសន្ទះផ្លូវនាវាចរណ៍ផងដែរ។
នាចុងបញ្ចប់នៃកិច្ចប្រជុំ ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់គ្រប់ភាគីពាក់ព័ន្ធ ដែលបានខិតខំអនុវត្តគម្រោងសិក្សាដ៏មានសារៈសំខាន់ជាប្រវត្តិសាស្រ្តនេះ រហូតទទួលបានលទ្ធផលល្អ និងច្បាស់លាស់ជាច្រើន ហើយឯកឧត្តមទេសរដ្ឋមន្ត្រីបានផ្តល់អនុសាសន៍ ឱ្យក្រុមការងារបច្ចេកទេសទាំងពីរ បន្តខិតខំអនុវត្តការសិក្សាលម្អិតមួយចំនួនដែលនៅសេសសល់ ឱ្យបានស៊ីជម្រៅគ្រប់ជ្រុងជ្រោយ ជាពិសេសត្រូវបញ្ចៀសកុំឱ្យមានការប៉ះពាល់ទៅលើសំណង់វត្តអារាម និងសាលារៀនជាដាច់ខាត។
ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានណែនាំឱ្យក្រុមការងារបច្ចេកទេសរបស់ក្រសួង ត្រូវធ្វើការសហការជាមួយ អគ្គនាយកដ្ឋានដោះស្រាយផលប៉ះពាល់ដោយសារគម្រោងអភិវឌ្ឍន៍ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធ្វើការប៉ាន់ប្រមាណលើតម្លៃបឋម នៃទំហំផលប៉ះពាល់របស់គម្រោងនេះ ដើម្បីលើកយកមកពិនិត្យ និងពិភាក្សានាពេលបន្ទាប់។
សូមជម្រាបជូនដែរថា៖ គម្រោងប្រព័ន្ធផ្លូវនាវាចរណ៍ និងប្រព័ន្ធភ័ស្តុភារកម្មទន្លេបាសាក់ ត្រូវបានសិក្សាឡើងក្នុងគោលបំណង ដើម្បីជំរុញវិស័យដឹកជញ្ជូនតាមផ្លូវទឹក របស់កម្ពុជាឱ្យមានសន្ទុះកើនឡើង មានប្រសិទ្ធភាពខ្ពស់ថែមមួយកម្រិតទៀត នឹងអាចជួយកាត់បន្ថយការចំណាយលើថ្លៃដើមនៃការដឹកជញ្ជូន និងភស្តុភារកម្មរបស់កម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាព និងគុណភាពខ្ពស់ជាងមុន ក៏ដូចជាជួយកាត់បន្ថយសម្ពាធជាអតិបរមា នៃការដឹកជញ្ជូនធុនធ្ងន់តាមផ្លូវថ្នល់ ព្រមទាំងងាយស្រួលធ្វើសមាហរណកម្មផ្ទៃ ក្នុងប្រទេជួយពង្រឹង និងពង្រីកការតភ្ជាប់ជាមួយតំបន់ និងអន្តរជាតិតាមរយៈការដឹកជញ្ជូនតាមផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែកានត់តែងាយស្រួល មានភាពរលូន និងមានប្រសិទ្ធភាពជាងមុនផងដែរ៕